(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ​នៅតែពុំទាន់មាន​ការបញ្ជាក់ច្បាស់ពី ទីតាំងសម្រាប់​បើកកិច្ចប្រជុំកំពូល​លើកទីពីរ​រវាង​​​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅឡើយទេ តែរដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ ​បានឲ្យដឹងថា​ ព្រឹត្តិការណ៍​នេះនឹងប្រព្រឹត្ត​ទៅនៅ​តំបន់អាស៊ី។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ​​ព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ថ្លែងក្នុង​បទសម្ភាសន៍មួយរបស់​សារព័ត៌មាន​អាមេរិក Fox News លោក ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងបាន​យល់​ព្រមចំពោះកិច្ចប្រជុំជាថ្មីម្តងទៀតរវាង​មេដឹកនាំ​នៃប្រទេសទាំងពីរនឹងប្រព្រឹត្ត​ទៅនៅចុងខែកុម្ភៈ ខណៈទីតាំងគឺស្ថិត​នៅក្នុងតំបន់​អាស៊ី​ ហើយ​ប្រមុខការទូត​អាមេរិករូបនេះ​បានបញ្ជាក់ទៀតថា ក្រុមការងារ​ត្រូវបាន​បញ្ជូនសំដៅមកកាន់តំបន់​នេះហើយ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់កិច្ចប្រជុំ​ដ៏សំខាន់នេះ។

គួរជម្រាបថា កាលពី​សប្តាហ៍មុន​លោក ប៉ុមប៉េអូ ផ្ទាល់ធ្លាប់បាន​លើកឡើងថា កិច្ចប្រជុំកំពូល​លើកទីពីររវាង​ លោក ត្រាំ និង​​លោក គីម នឹងកើត​មានឡើង​ក្នុងរយៈពេល ៦០ថ្ងៃ ឬពីរខែខាងមុខ ដែលជាហេតុ​ធ្វើឲ្យ​មានការយល់​ច្រឡំថា ជំនួបនេះនឹង​ធ្វើ​​ឡើង​នៅអំឡុងចុង​ខែមីនា​ឯណោះវិញ ប៉ុន្តែនាពេលនេះ​លោកបានបញ្ជាក់​ច្បាស់​ហើយថា គឺនៅចុង​ខែកុម្ភៈ។

សម្រាប់ទីតាំង​​នៃកិច្ចប្រជុំវិញ ត្រូវមនុស្សភាគ​ច្រើនសង្ស័យថា គឺប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាល​ទីក្រុងហាណូយ​បាន​​ឲ្យ​ដឹងកាលពីសប្តាហ៍មុនថា ខ្លួនមិនបាន​ទទួលព័ត៌មានអ្វី​ពាក់ព័ន្ធនឹងការរៀបចំ​ជំនួបនេះឡើយ ប៉ុន្តែបាន​បញ្ជាក់ទៅវិញថា ​វៀតណាម​មាន​ភាព​ជឿ​ជាក់គ្រប់គ្រាន់​លើសមត្ថភាព​ក្នុងការរៀបចំ​ ព្រឹត្តិការណ៍អន្តរជាតិធំបែបនេះ៕