(គូឡាឡាំពួរ)៖ នៅទីបំផុតព្រះមហាក្សត្រថ្មី​របស់​ម៉ាឡេស៊ី បានចូលរួមពិធីឡើង​គ្រងរាជសម្បត្តិ​ជាផ្លូវការហើយនៅ​ថ្ងៃព្រហស្បតិ៍នេះ សម្រាប់មួយ​អាណត្តិរបស់ទ្រង់​ដែលមានរយៈពេល ០៥ឆ្នាំ។ នេះបើតាម​​ការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) មកពីរដ្ឋ ផាហាង (Pahang) ត្រូវបានបោះឆ្នោតជ្រើសតាំង​ជា​ព្រះមហាក្សត្រ​ម៉ាឡេស៊ីថ្មី កាលពី​សប្ដាហ៍មុន ដោយសមាជិក​គ្រួសាររាជវង្ស​នៃប្រទេស បន្ទាប់ពីការ​ប្រកាសដាក់រាជ្យ​ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ព្រះមហាក្សត្រអង្គមុន​កាលពីពេល​ថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា ព្រះចៅ Abdullah បានចូលរួមពិធីស្បថឡើងគ្រងរាជ្យ​នៅព្រះរាជវាំង ដោយមាន​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ ជាអ្នកអាន​ពាក្យ​សម្បថ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ។ ព្រះចៅ Abdullah មានព្រះជន្មាយុ ៥៩ព្រះវស្សា ត្រូវឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រ មូហាំម៉េដទី ៥ (Muhammad V) មកពីរដ្ឋ ខេឡាន់តាន់ (Kelantan) ក្រោយការសោយរាជ្យ​បានតែ ០២ឆ្នាំ និងជាព្រះមហាក្សត្រ​ដំបូងគេ ដែលបានដាក់រាជ្យក្នុងប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី៕