(រីយ៉ូ)៖ អាជ្ញាធរប្រទេស​ប្រេស៊ីលនាថ្ងៃពុធ​សប្តាហ៍នេះ បានបន្តប្រាប់​ឲ្យដឹងថា ចំនួនសាកសព​មនុស្ស​ដែលបាន​បាត់ជីវិត​​ ក្នុង​​ហេតុការណ៍​​បាក់ទំនប់​ទឹក​នាតំបន់រុករករ៉ែ​មួយ​កន្លែង​​នៅរដ្ឋ មីណាស់ ហ្គែរេស (Minas Gerais) ភាគអាគ្នេយ៍​បានកើនដល់ ៩៩នាក់ហើយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

យ៉ាងណាមិញមនុស្ស​សរុប​ ២៥៩នាក់ នៅតែបន្តស្ថិតក្នុងបញ្ជីនៃជនបាត់ខ្លួន ខណៈ​ចំនួនមនុស្ស​បាត់បង់កន្លែងជ្រកកោន​បាន​កើតពី​ ១៣៥នាក់ ទៅ ១៧៥នាក់។ ជនរងគ្រោះភាគ​ច្រើនក្នុងមហន្តរាយ​ដ៏អាក្រក់នេះ គឺជាបុគ្គលិកនៃ​ក្រុមហ៊ុនរុករករ៉ែ វ៉ាល់ (Vale) ដែលជាម្ចាស់ទំនប់ខាងលើ។

គួរជម្រាបថា ទំនប់រ៉ែខាងលើ​ដែលមានផ្ទុក​កាកសំណល់​​​គីមី​យ៉ាងហោច​ណាស់​​១៣លានម៉ែត្រគូប ត្រូវគេវាយតម្លៃថា បាន​​បង្ក​ការបំផ្លិចបំផ្លាញ​លើផ្ទៃ​ដីទំហំ​ប្រហែល ១២៥ហិកតា។ ដោយឡែកកាលពីថ្ងៃអង្គារ ប៉ូលិស​ប្រេស៊ីល​ក៏បានចាប់ខ្លួន​​មនុស្ស​ចំនួន ០៥នាក់ផងដែរ ដើម្បី​កសាងសំណុំរឿង​បញ្ជូនទៅតុលាការ ជុំវិញ​ការទទួលខុសត្រូវ​លើករណីបាក់​ទំនប់ទឹកខាង​លើនេះ៕