(ឡាអេ)៖ ចៅក្រមជាន់ខ្ពស់ម្នាក់​នៃតុលាការព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្រចាំទីក្រុង​ឡាអេ ប្រទេសហូឡង់​ បានសម្រេចចិត្តលាលែង​ចេញពីតំណែងហើយ បន្ទាប់ពី​សហរដ្ឋអាមេរិក​​បានព្រមានចៅក្រមតុលាការ​អន្តរជាតិមួយនេះ ជុំវិញការស៊ើបអង្កេតលើការចោទ ប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនបាន​ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម​ នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

​លោកចៅក្រម គ្រីស្តូប ហ្វ្លាក់ហ្គេ (Christoph Flügge) បានបំពេញការងារឱ្យ ICC តាំងតែពីឆ្នាំ២០០៨ មកម្ល៉េះ។ លោក Flügge បានប្រាប់​​សារព័ត៌មានអាល្លឺម៉ង់ ហ្សេត (Zeit) ថា លោកសម្រេចចិត្ត​លាលែងចេញពី​តំណែង ក្រោយមានការព្រមាន​ពីក្រុមមន្ត្រី​អាមេរិក ក្នុងនោះរួមមានទាំងទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) ដែលធ្លាប់​បាននិយាយដោយ​បើកចំហ​ ពីការដាក់ទណ្ឌកម្ម​លើចៅក្រម ICC ដែលហ៊ាន​​ស៊ើបអង្កេតលើ​សហរដ្ឋអាមេរិក​ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម​សង្រ្គាមនៅអាហ្វហ្គានីស្ថាន។

លោក Flügge បានគូស​បញ្ជាក់ដូច្នេះ​ថា «បើសិនជាចៅក្រមណា​ម្នាក់បើកការស៊ើបអង្កេត​លើជនជាតិអាមេរិក នោះរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន​នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថា ចៅក្រមតុលាការ​អន្តរជាតិមួយនេះ មិនអាចចូល​សហរដ្ឋអាមេរិក ឬក៏អាច​ប្រឈមមុខ​នឹងច្បាប់របស់​សហរដ្ឋអាមេរិក... ពីព្រោះពួកគេគិតថា ខ្លួនខ្លាំងលេខ​មួយនៅលើ​ពិភពលោក និងអង្គុយពីលើ​ច្បាប់»

គួរបញ្ជាក់ថា លោក Christoph Flügge គឺជាចៅក្រមម្នាក់​ដែលបានចូលរួម​ ក្នុងការស៊ើបអង្កេត​បឋមលើការចោទ​ប្រកាន់ថា យោធាអាមេរិក និងទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់ CIA បានធ្វើទារុណកម្ម​យ៉ាងសាហាវព្រៃផ្សៃ​ លើអ្នកទោសនៅក្នុង​ប្រទេស​​អាហ្វហ្គានីស្ថាន៕