(ឡាហាវ៉ាន់)៖ អ្នកជំនាញនយោបាយ​មួយចំនួន ប្រចាំនៅតំបន់អាមេរិកឡាទីន​បាន​អះអាងថា ទង្វើដែល​សហរដ្ឋអាមេរិក​​កំពុងតែធ្វើ ជាពិសេសការប៉ុនប៉ងផ្តួលរំលំ​របបដឹកនាំ​នៃ​ប្រទេស​វេណេស៊ុយអេឡានោះ គឺជាការប្រើប្រាស់​កណ្តាប់ដៃដែក ក្តោបក្តាប់​យក​តំបន់​អាមេរិក​ឡាទីនទាំងមូល​កាន់តែខ្លាំង​ឡើងៗ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ការព្រមានខាង​លើនេះ ត្រូវធ្វើឡើង​នៅក្នុងផ្នែកមួយ​នៃវេទិកា​អន្តរជាតិ​លើកទី ៤ ស្តីពីតុល្យភាព​ពិភពលោក (Balance of the World) នៅក្នុងរដ្ឋធានី​ឡាហាវ៉ាន់ នៃប្រទេសគុយបា​ក្នុងសប្តាហ៍នេះ ដែលមានការចូលរួម​ពីបណ្តាអ្នកជំនាញ និស្សិត និង​ថ្នាក់ដឹកនាំ​សង្គម​ប្រមាណជាង ៦០០នាក់​មកពីប្រទេស​ចំនួន ៦២។

នៅក្នុងនោះដែរ​លោក ហ៊ូហ្គោ ម៉ុលឌីស (Hugo Moldiz) អ្នកជំនាញល្បីឈ្មោះ​​មកពី​ប្រទេស​បូលីវី បានប្រាប់​សារព័ត៌មាន ស៊ីនហួរ យ៉ាងដូច្នេះថា «សហរដ្ឋ​អាមេរិក​​កំពុងជម្រុញ​ឲ្យមានរដ្ឋប្រហារ​ក្នុង​រូបភាពថ្មីៗ ហើយ​បច្ចុប្បន្នមុខ​ព្រួញរបស់អាមេរិក គឺវេណេស៊ុយអេឡា និងនីការ៉ាហ្គ័រ ហើយដោយឡែកប្រទេសបូលីវីផង អាចក្លាយជាទិសដៅបន្ទាប់»។ លោកក៏បាន​សង្កត់ធ្ងន់ទៀត​ថា អ្វីដែល​សហរដ្ឋអាមេរិក​​កំពុងធ្វើ គឺការព្យាយាមធ្វើឲ្យ​អន្តរជាតិមើលឃើញរូបភាពលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមេដឹកនាំ​ផ្តាច់ការ ហើយទើបឈានដល់ការគម្រាម​ធ្វើអន្តរាគមន៍​យោធា ដើម្បីផ្តួលរំលំ​លោក​តែម្តង។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ​ផ្សេងទៀតនៅក្នុង​កិច្ចប្រជុំ Balance of the World នោះក៏បានបញ្ចេញមតិយោបល់មិនសូវខុសគ្នាពីលោក Moldiz នោះដែរ ដោយពួកគេ​បានលើកឡើងថា មិនត្រឹមតែ​ប្រទេស​វេណេស៊ុយអេឡា​ប៉ុណ្ណោះទេ ដែលប្រឈមមុខ​នឹងហានិភ័យខ្លាំង សូម្បីតែតំបន់​អាមេរិកឡាទីន​ទាំងមូល ក៏ប្រឈមមុខ​នឹងការគ្រប់គ្រង​​ទាំងស្រុង ដោយឥទ្ធិពល​សហរដ្ឋអាមេរិកផងដែរ។ ជាក់ស្តែងគឺ​ប្រទេសជុំវិញ​វេណេស៊ុយអេឡា​ស្ទើរតែ​ទាំងអស់ ជាពិសេស​គឺកូឡុំប៊ី និងប្រេស៊ីល​ជាដើម សុទ្ធតែដើរ​តាមខ្សែញាក់​​របស់​ទីក្រុងវ៉ាស៊ីនតោន ក្នុងការទទួល​ស្គាល់មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា ជាប្រធានាធិបតី​ស្តីទី៕