(ជប៉ុន)៖ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន ទំនងជាបានប្រទះឃើញ​ថ្មអវកាសមួយដុំ មានទំហំមុខកាត់​ជាងមួយគីឡូម៉ែត្រ នៅឯចុង​​ប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

ក្រុមអ្នកវិទ្យាសាស្រ្តខាងលើប្រហែលជាបានប្រទះឃើញ​ដុំថ្មអវកាស​មួយ ​មុខកាត់​ប្រវែង១.៣គីឡូម៉ែត្រ​ នៅតំបន់ខ្សែក្រវាត់​ខៃភើ (Kuiper Belt) ដែលជាបណ្តុំនៃផ្កាយដុះកន្ទុយ (អាចម៍ផ្កាយទឹកកក) នៅផុតពីភពណិបទូន។ ប្រសិនបើ​វត្ថុ​នេះ​ពិតជាមាន​នៅទីនោះមែន វានឹងក្លាយជាថ្មអវកាសដំបូង​បំផុតនៅ​តំបន់ខ្សែក្រវាត់ខៃភើ (KBO) ​ដែលរកឃើញក្នុងរង្វង់ទំហំ​ប៉ុននេះ។

ជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញ KBO ​ច្រើនគួរសម ប៉ុន្តែពួកវាមានទំហំធំជាង ដូចជា ភពមិនពេញ​លក្ខណៈ «ភ្លុយតូ» ​ដែលមានមុខកាត់​ជាង២,៣០០គីឡូម៉ែត្រ និងអាចម៍ផ្កាយ Ultima Thule ដែល​មាន​​ទំហំ​ដល់​ទៅ​៣២គីឡូ​ម៉ែត្រ​ជាដើម ឬក៏មានទំហំតូចជាពោលគឺក្រោម១គីឡូម៉ែត្រ។

គួរជម្រាបថា ការរកឃើញនេះ​បានបង្ហាញថា KBO ខ្នាតមធ្យមបែបនេះ តាមពិតអាចសម្បូរច្រើន៕