(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ របាយការណ៍​មួយរបស់ទីភ្នាក់ងារស៊ើបការណ៍​សំងាត់អាមេរិក បានឱ្យដឹងថា កូរ៉េខាងជើងទំនងជា​នឹងមិនបោះចោល​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន​ឡើយ ពីព្រោះវាគឺជាមធ្យោបាយ​ដ៏សំខាន់ក្នុងការ​បន្តរស់រាន្ដ​មានជីវិត​ នៃរបបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង៕

២៖ តុលាការកំពូលវេណេស៊ុយអេឡា បានចេញបម្រាមហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó​ ចេញពី ប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ៕

៣៖ ​អង្គការតម្លាភាព​ពិភពលោក (Transparency International) បានចេញរបាយការណ៍​ចុងក្រោយបំផុត​​​​​របស់ខ្លួន​ ​ទាក់​ទង​​​នឹង​​​កម្រិត​​នៃអំពើពុករលួយ​នៅក្នុងប្រទេស​នានាជុំវិញ​ពិភពលោក ខណៈប្រទេសដែល​មានអំពើ​ពុករលួយតិចតួច​ជាងគេ​បំផុត​គឺ​​ដាណឺម៉ាក និងច្រើនជាងគេ​គឺសូម៉ាលី៕

៤៖ ​កូរ៉េខាងជើងនាថ្ងៃពុធនេះបានទទូចឲ្យមានការដក​ទណ្ឌកម្ម នៅមុនការកើតមានឡើងនៃជំនួបកំពូលលើកទីពីរ​រវាង​លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ព្រោះថាទំនាក់ទំនង​ទ្វេភាគីមិនអាចឆ្ពោះទៅរកភាពប្រសើរឡើង ដោយពុំ​មានការប្រឹងប្រែងកសាងទំនុកចិត្តរវាងគ្នាឡើយ។

៥៖ ក្រុមមន្ត្រីអាមេរិក​បានឱ្យដឹងថា ទីក្រុងម៉ូស្គូ​បានដាក់សំណើ​សំងាត់មួយទៅកាន់​កូរ៉េខាងជើង សំដៅដោះស្រាយភាពជាប់​គាំងនៃកិច្ចចរចា​រំសាយអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន៕

៦៖ ចំនួនសាកសព​មនុស្សស្លាប់ ដោយសារ​គ្រោះមហន្តរាយ​បាក់ទំនប់​ទឹក​នៅកន្លែង​រុករករ៉ែ​មួយកន្លែង​ក្នុងទីក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) ​នៃរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) បានកើនដល់ ៨៤នាក់៕