(ម៉ូស្គូ)៖ រដ្ឋមន្ត្រីរតនាគារជាតិ​អាមេរិក​លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានជម្រុញ​​ឱ្យរដ្ឋាភិបាលអ៊ីតាលី ប្រកាសទទួលស្គាល់​មេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទី​ស្របច្បាប់របស់​វេណេស៊ុយអេឡា។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០១៩។

យោងតាម​សេចក្ដីថ្លែងការណ៍របស់​ក្រសួងរតនាគារជាតិ​អាមេរិក លោក Mnuchin ធ្វើការអំពាវនាវ​បែបនេះ នៅក្នុងជំនួ​បជាមួយ​សមភាគីអ៊ីតាលី លោក ជីអូវ៉ាននី ទ្រីយ៉ា (Giovanni Tria) នៅថ្ងៃអង្គារសប្តាហ៍នេះ។ សេចក្ដីថ្លែងការណ៍​ដដែលបាន​លើកឡើង​យ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី Mnuchin បានអះអាង​ពីការទទួលស្គាល់​លោក Juan Guaido ជាប្រធានធិបតី​ស្ដីទីស្របច្បាប់របស់​វេណេស៊ុយអេឡា ហើយ លោកក៏បាន​ជម្រុញឱ្យអ៊ីតាលី ដើរ​តាមសហរដ្ឋអាមេរិក​ផងដែរ»។ តែខាង​រដ្ឋាភិបាល​អ៊ីតាលី មិនទាន់ផ្ដល់​ចម្លើយតប​វិញនោះឡើយ។

គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុប​ភាគច្រើនដូចជា​ អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងហូឡង់​ជាដើម បានដាក់ឱសានវាទ​ឱ្យលោក ម៉ាឌូរ៉ូ រៀបចំការ​បោះឆ្នោតជាថ្មីឡើងវិញ​នៅខែកុម្ភៈ ខាងមុខនេះ បើពុំដូច្នោះទេ​ពួកគេនឹងទទួលស្គាល់​មេបក្សប្រឆាំង​ ជាប្រធានាធិបតី​វេណេស៊ុយអេឡា។ ប៉ុន្តែ​លោក ម៉ាឌូរ៉ូ បានបញ្ជាក់ហើយថា​ ការបោះឆ្នោត​ជាថ្នូរនឹងអ្វី​មួយនោះ គឺមិនអាចកើតឡើងឡើយ ហើយគ្មានប្រទេសណាមួយ អាចមកបង្គាប់​បញ្ជាប្រទេសរបស់​លោកបាន​នោះទេ៕