(វ៉ាស៊ីនតោន)៖ អតីតកងទ័ព​វេណេស៊ុយអេឡា ​បានអំពាវនាវឱ្យរដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បំពាក់អាវុធ​ដល់ពួកគេ ដើម្បីផ្ដួលរំលំ​រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចាត់ទុកថា សំណើរបស់ខ្លួគឺដើម្បី​ស្វែងរកសេរីភាព។ នេះបើតាមការ ចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

លោក ខាឡូស ហ្គីលឡិន ម៉ាទីណែស (Carlos Guillen Martinez) និងលោក ចូស៊ូ អ៊ីដាលហ្គោ អាហ្សួចេ (Josue Hidalgo Azuaje) ជាអតីតកងទ័ព​វេណេស៊ុយអេឡា និងកំពុងនៅជ្រកកោន​នៅក្រៅប្រទេស​បានបា្រប់ CNN ថាពួកគេចង់បាន​ជំនួយយោធា និងអាវុធពី​សហរដ្ឋអាមេរិក យកទៅផ្គត់ផ្គង់​ដល់កងទ័ពមួយ​ចំនួន នៅក្នុងប្រទេស​វេណេស៊ុយអេឡា។ អ្នកទាំង២បន្ថែមទៀតថា ខ្លួនអាចទំនាក់ទំនង​ជាមួយកងទ័ពរាប់រយនាក់ ដែលកំពុងរស់នៅ​ក្រៅប្រទេស ព្រមទាំងអាច​អំពាវនាវឱ្យកងទ័ព​ក្នុងស្រុក ងើបឡើងបះបោរ​ប្រឆាំងនឹងរបបដឹកនាំ​លោក ម៉ាឌូរ៉ូ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ផ្ដាច់​មុខជាមួយ CNN នៅថ្ងៃអង្គារ​សប្ដាហ៍នេះ លោក Guillen Martinez បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមជា​កងទ័ព​វេណេស៊ុយអេឡា យើងបានដាក់​សំណើឱ្យសហរដ្ឋអាមេរិក​ ផ្ដល់ជំនួយ​ដល់ពួកយើង ដើម្បីឱ្យយើង មានលទ្ធភាព​រំដោះប្រជាជន​វេណេស៊ុយអេឡា»។ បន្ថែមពី​លើនេះ លោក Azuaje ក៏បានបញ្ជាក់​ដូច្នេះថា ពួកលោកមិនមែនត្រូវការជំនួយ​ពីអាមេរិកតែមួយ​គត់នោះទេ ពោលគឺលោក​ចង់បានការគាំទ្រ​ពីប្រេស៊ីល កូឡុំប៊ី និងប៉េរូ រួមទាំងបងប្អូនយើង​ទាំងអស់ ងើបឡើង​ប្រឆាំង​របបផ្ដាច់ការ។

គួរជម្រាបថា ការស្នើសុំជំនួយ​យោធាខាងលើ កើតមានឡើង​បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បានព្រមានរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ បើសិន​ជាហ៊ានប៉ះពាល់មេបក្ស​ប្រឆាំងលោក Juan Guaidó នោះទីក្រុងវ៉ាស៊ីនតោន​នឹងចាត់​វិធានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុត។ មិនតែប៉ុណ្ណោះ លោក Bolton ក៏បានជម្រុញឱ្យ​យោធាវេណេស៊ុយអេឡា​ឈប់គាំទ្រលោក ម៉ាឌូរ៉ូ និងជួយជ្រោមជ្រែង​ការផ្ទេរអំណាចដោយ​សន្តិវិធីឱ្យ​លោក Guaidó៕ ​