លោក ម៉ាឌូរ៉ូ ចោទចំៗតែម្តងថា លោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាកូឡុំប៊ី និងក្រុមជនពាលឲ្យធ្វើឃាតលោក! (Video Inside)
30-01-2019 14:10
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងនៅថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលកូឡុំប៊ី និងពួកម៉ាហ្វយ៉ា (ក្រុមជនពាល) សម្លាប់រូបលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ដោយមិនបានបង្ហាញភស្ដុតាង លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគ្មានអ្វីត្រូវសង្ស័យទៀតឡើយ ពោលគឺលោក ត្រាំ បានបញ្ជាឱ្យគេសម្លាប់រូបខ្ញុំ។ គាត់បានបញ្ជារដ្ឋាភិបាល និងម៉ាហ្វយ៉ាកូឡុំប៊ីសម្លាប់រូបនេះ... ដូច្នេះបើសិនជារឿងនេះ កើតឡើងចំពោះរូបខ្ញុំនៅថ្ងៃណាមួយលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូឡុំប៊ី លោក អ៊ីវ៉ាន ឌូកេ (Ivan Duque) គឺអ្នកទទួលខុសត្រូវគ្រប់យ៉ាង ចំពោះអ្វីដែលកើតមកលើខ្ញុំ»។
តែទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះនៅតែប្រកាន់ជំហរថា លោកនឹងបានទទួលការការពារយ៉ាងល្អបំផុតពី ប្រជាជនវេណេស៊ុយអេឡា និងទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់លោក។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកមានគម្រោងបញ្ជូនកងទ័ព ៥,០០០នាក់ទៅកូឡុំប៊ី ខណៈមានពាក្យចចាមអារ៉ាមកាន់តែច្រើនថា ក្រុមមន្ត្រីសន្តិសុខអាមេរិកជាច្រើននាក់កំពុង ពិភាក្សាគ្នាពីផែនការដាក់ពង្រាយយោធា ទៅកាន់បណ្ដាប្រទេសតំបន់អាមេរិកឡាទីន ដែលមានព្រំដែនជាប់ និងជុំវិញវេណេស៊ុយអេឡា៕