(កូឡុំប៊ី)៖ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) កំពុងបង្កឲ្យមាន​ការងឿងឆ្ងល់​ជាខ្លាំង នៅ​ចំពោះមុខស្ថានការណ៍​ដ៏ផុយស្រួយ​ក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោក​ត្រូវគេប្រទះឃើញកាន់​សៀវភៅពណ៌លឿង​​​មួយ​ក្បាល​មាន​សរសេរពាក្យគួរឲ្យចាប់​អារម្មណ៍មួយឃ្លាថា «កងទ័ព​​៥,០០០នាក់ទៅកូឡុំប៊ី» ក្នុងអំឡុង​ការធ្វើសន្និសីទសារព័ត៌មានមួយ ​​អំពីទណ្ឌកម្ម​ថ្មី​​ប្រឆាំង​​វេណេស៊ុយអេឡា។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅល្ងាច​ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

រឿងហេតុនេះ​បានកើតចំពេល​មាន​សេចក្តីថ្លែងការណ៍​​ អំពី​​ការលើកឡើងរបស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​ថាគ្រប់ជម្រើស​ទាំងអស់គឺស្ថិតនៅ​លើតុសម្រាប់​ដោះស្រាយបញ្ហា​ដ៏តានតឹងបំផុត នៅប្រទេស​វេណេស៊ុយអេឡា បន្ទាប់ពីរដ្ឋបាល​របស់លោក បានប្រកាសទទួល​​ស្គាល់​មេបក្សប្រឆាំង​​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ជា​ប្រធានាធិបតីស្តីទី​​នៃប្រទេសអាមេរិកឡាទីន​​មួយនេះ។

ទាក់ទិននឹង​ស្ថានការណ៍​ខាងលើ ​រដ្ឋមន្រ្តីការបរទេស​កូឡុំប៊ី លោក ខាឡូស ហូលមែស (Carlos Holmes) បានលើកឡើងថា រដ្ឋាភិបាលរបស់​លោក​មិនបានដឹង​ថាហេតុអ្វីបាន​លោក Bolton ឈរកាន់សៀវភៅពណ៌លឿង​ដែលមានពាក្យ «កងទ័ព៥,០០០នាក់ទៅកូឡុំប៊ី​»​ បែបនេះ​ទេ។ ​ចំណែកឯសេតវិមាន​អាមេរិកវិញ ក៏មិនទាន់បានធ្វើការបកស្រាយបញ្ជាក់​ច្បាស់ ជុំវិញរឿងហេតុដ៏រសើប​នេះដែរ។

គួរជម្រាបថា ក្នុងសៀវភៅ​ដែលលោក John Bolton ​កាន់ជាប់​នឹងខ្លួន​ក៏មានពាក្យមួយឃ្លា​ទៀតផងដែរថា «អាហ្វហ្គានីស្ថាន- ស្វាគមន៍​​​​ចំពោះ​​កិច្ចចរចា» ដែលសំដៅលើ​​​សេចក្តីព្រាងមូលដ្ឋាន​ ដែលសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ទើបតែបានឯកភាពគ្នា ​ដើម្បី​​​​ឆ្ពោះ​ទៅរកផ្លូវកសាង​សន្តិភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕