​(ការ៉ាកាស់)៖ នៅក្នុងសេចក្តីថ្លែងការណ៍​មួយ ដែលត្រូវបាន​ធ្វើ​ឡើង​ដោយកម្រ​ជាភាសាអង់គ្លេសតែម្តង ប្រធានាធិបតី​វេណេស៊ុយអេឡា​​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្កោលទោស​យ៉ាងខ្លាំងចំពោះការ​ដាក់ទណ្ឌកម្ម និង​ស្នើប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដោះលែង​ប្រទេសរបស់​លោកជាបន្ទាន់។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសុន្ទរកថាមួយ​នៅថ្ងៃចន្ទសប្ដាហ៍នេះ ចំពោះមុខមន្ត្រី​ទូតវេណេស៊ុយអេឡា ដែលត្រឡប់មក​ពីសហរដ្ឋអាមេរិក​វិញ។ នាឱកាសនោះ លោក ម៉ាឌូរ៉ូ បានលើក​ឡើងយ៉ាងដូច្នេះថា «ត្រាំ... អ្នកឯងគឺជាអ្នក​ទទួលខុស​ត្រូវលើ​អំពើ​ហិង្សា​ដែលកើតឡើងនៅ​ក្នុងប្រទេសរបស់​ខ្ញុំ។ វាគឺជាការ​ទទួលខុស​ត្រូវរបស់អ្នក... ហើយ​ការបង្ហូរឈាម​នៅក្នុង ប្រទេសវេណេស៊ុយអេឡា​ គឺជាទង្វើ​ចេញពីក្នុង​កណ្ដាប់ដៃ​របស់​អ្នក»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថា​ដដែល លោក ម៉ាឌូរ៉ូ បានថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន​មកលើ​ក្រុមហ៊ុនប្រេង​រដ្ឋវេណេស៊ុយអេឡា PDVSA ដោយលោកហៅវា​ថាជា «បទឧក្រិដ្ឋ»។ លើសពីនេះ​ទៅទៀត លោកក៏បានចាត់​ទុកផងដែរថា មេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) គឺជាអាយ៉ង​របស់​សហរដ្ឋអាមេរិក ដែលកំពុងព្យាយាម​រៀបចំ​ការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល​​ស្រប​ច្បាប់នៅ​វេណេស៊ុយអេឡា៕