(វៀងច័ន្ទ)៖ ​ទីបំផុត​​ក្រុម​គ្រួសារជនរងគ្រោះ​ចំនួន ៧១នាក់ ដែលបាន​ស្លាប់ និងបាត់ខ្លួនរក​មិនទាន់ឃើញ ក្នុងករណី​បាក់ទំនប់វារីអគ្គិ​សនី​​កាលពី​ពាក់កណ្តាល​ឆ្នាំមុន​​នៅស្រុក សាណាំសេយ (Sanamxay) ដែលស្ថិតនៅចម្ងាយ​ប្រមាណ ៥៦០គីឡូម៉ែត្រ​ភាគឦសានរដ្ឋធានី​វៀងច័ន្ទ​​របស់ប្រទេសឡាវ​ បានទទួល​ថវិកាសងជំងឺចិត្តហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​អង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ជនរងគ្រោះទាំង ៧១នាក់​នៃសោកនាដកម្មបាក់ទំនប់វារី​អគ្គិសនីកាលពី​ខែកក្កដា ឆ្នាំ២០១៨ រួមមានមនុស្សបាត់ខ្លួន​ ២២នាក់ និង ​៤៩នាក់ទៀតត្រូវ​អាជ្ញាធរបញ្ជាក់ថា បានបាត់បង់ជីវិត។ ក្រោយមាន​ការចេញសេចក្តីប្រកាស​​ពីការិយាល័យ​នាយករដ្ឋមន្រ្តី​​ឡាវកាលពី​សប្តាហ៍មុន ​គ្រួសាររបស់ជនរង​គ្រោះម្នាក់ៗ​ត្រូវទទួល​បាន​​ថវិកាចំនួន ១០,០០០​ដុល្លារ ខណៈទឹក​ប្រាក់ជាសំណងសរុប​ទាំង​អស់គឺ ​៧១០,០០០​ដុល្លារ​​។​

សេចក្តីប្រកាស​ខាងលើដែលចេញកាល​ពីថ្ងៃទី២៣ ខែមករា បានបង្គាប់​ឲ្យអាជ្ញាធរ​ថ្នាក់ខេត្តឡាវ រួមជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់​រង និង​ក្រុមហ៊ុន Xe-Pian Xe-Namnoy Power Co., Ltd. ដែលជាម្ចាស់​គម្រោងទំនប់​វារីអគ្គិសនី ផ្តល់ថវិកាតបស្នង​ជំងឺចិត្ត​ដល់​​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយស្រប​ទៅតាមច្បាប់ ​និងគោលការណ៍​ធានារ៉ាប់រងនានា​ដែលពាក់ព័ន្ធ ហើយថវិកា​ទាំងនោះ​ក៏​ត្រូវ​​បានប្រគល់​ដល់ដៃគ្រួសារជនរងគ្រោះ​ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន។

គួរជម្រាបថា ការបាក់ទំនប់​វារីអគ្គិសនី សេពាន សេណាំណយ (Xe-Pian Xe-Namnoy) បានបង្កជាគ្រោះ​ទឹកជំនន់ធ្ងន់ធ្ងរ​ ដែលបាន​​​បំផ្លិចបំផ្លាញ​ភូមិឋាន​ជាច្រើន និង​បណ្តាលឲ្យ​មនុស្សជាង ៤,០០០នាក់​បាត់បង់លំនៅឋាន​របស់ពួកគេ។ ទន្ទឹមនឹងនេះ​រដ្ឋាភិបាល និងក្រុមហ៊ុន​ជា​​ម្ចាស់​គម្រោងអភិវឌ្ឍន៍​​ទំនប់​វារីអគ្គិសនី កំពុងសហការគ្នាជុំវិញ​កិច្ច​ស្ថាបនា​សហគមន៍​​នៅទីតាំងថ្មីៗ ដើម្បីបម្រើដល់​​ប្រជាជន​​រាប់​ពាន់​​នាក់​​​ដែល​បាត់​បង់ផ្ទះ​សម្បែង និងជុំវិញ​កិច្ចប្រឹងប្រែងស្តារតំបន់​រងការប៉ះពាល់​ទាំងឡាយ ឲ្យបានប្រសើរ​​ឡើងវិញ៕