(ការ៉ាកាស់)៖ លោក ជូអាន ហ្គៃដូ (Juan Guaidó) ដែលទើបតែតែងតាំង​ខ្លួនឯងជាប្រធានាធិបតីស្ដីទី​ បានអំពាវនាវ​ឱ្យប្រជាជន​វេស៊ុយអេឡា ទាំងអស់ចូលរួម​ធ្វើបាតុកម្មសាជាថ្មីនៅ​ថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ខណៈលោកកំពុង​ព្យាយាមអូសទាញ​យោធា ឱ្យងើបឡើងទម្លាក់​ប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពី​អំណាច។ នេះបើតាម​​ការចេញផ្សាយ​សារព័ត៌មាន News Week នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

លោក Juan Guaidó ដែលកំពុងទទួលការគាំទ្រពេញទំហឹងពីសហរដ្ឋអាមេរិក និងលោកខាងលិច​​ បានប្រកាសតែងតាំង​ខ្លួនឯងជាប្រធានាធិបតីស្ដីទី បន្ទាប់ពី​លោក ម៉ាឌូរ៉ូ ឡើងស្បថ​កាន់តំណែងជាប្រធានាធិបតី​កាលពីថ្ងៃទី១០ ខែមករា។ ប៉ុន្តែប្រទេស​មួយចំនួនជាពិសេស​គឺចិន និងរុស្ស៊ី រួមទាំង​យោធាវេណេស៊ុយអេឡា​ បានបង្ហាញគាំទ្រ​យ៉ាងខ្លាំង​ដល់លោក ម៉ាឌូរ៉ូ និងចាត់ទុក​លោក​ Guaidó ជា​ប្រធានាធិបតី​​ខុសច្បាប់។
តែយ៉ាងណា​ក៏ដោយ មេដឹកបក្ស​ប្រឆាំងរូបនេះ​​នៅតែប្ដេជ្ញា​ចិត្តថា នឹងអូសទាញការគាំទ្រ​ពីយោធា​តាមរយៈការ​ប្រកាសលើក​លែងទោសដល់​មន្ត្រីស៊ីវិល ឬយោធា​ដែលផ្ដាច់ខ្លួនចេញ​ពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ មិនតែ​ប៉ុណ្ណោះ​លោកក៏បាន បញ្ជាក់ដែរថា ដើម្បីសម្រេច​គោលដៅនេះ ប្រជាជន​វេណេស៊ុយអេឡា​គួរតែរួមគ្នាឡើង ដើម្បីធ្វើបាតុកម្ម​តវ៉ារហូតដល់​យោធា​ទន់ចិត្ត និងប្រជាធិបតេយ្យ​ត្រូវបានស្ដារ​ឡើងវិញ។

គួរជម្រាបថា បើតាមអង្គការ​សង្គមស៊ីវិលនៅក្នុងប្រទេស​វេណេស៊ុយអេឡា មនុស្សយ៉ាង​ហោចណាស់ ៣៥នាក់បានស្លាប់ និង ៨៥០នាក់ត្រូវបាន​ចាប់ខ្លួននៅអំឡុងបាតុកម្មតវ៉ា​ ប្រឆាំងនឹងប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ ចាប់តាំងពី​ថ្ងៃចន្ទសប្ដាហ៍​មុនមក។ ដោយឡែក​​បាតុកម្ម​នៅថ្ងៃពុធសប្តាហ៍នេះ នឹងអាចកើត​មានឡើង​បន្ថែម​ទៀត​ក្នុងរដ្ឋធានី​ការ៉ាកាស់ ហើយការបង្ក្រាប​ដោយកងកម្លាំង​​រដ្ឋាភិបាល ក៏នឹងកើត​មានផងដែរ​ក្នុងករណី​​មានអំពើហិង្សា​​ដោយ​ក្រុមបាតុករ៕