(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានប្រកាស​ឲ្យដឹងនាថ្ងៃចន្ទសប្តាហ៍​នេះថា យាន Parker Solar Probe របស់​ខ្លួនបានបញ្ចប់​ការធ្វើដំណើរមួយជុំដំបូង​ហើយ ជុំវិញព្រះអាទិត្យ​​កាលពីថ្ងៃទី១៩ ខែមករា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

បើតាមអង្គការ NASA នាពេលនេះ​យានអវកាស Parker Solar Probe បានចាប់ផ្តើមការ​គោចរជុំទីពីរ​របស់វា​ហើយ ដើម្បីឆ្ពោះ​​ទៅកៀក​ព្រះអាទិត្យ​បន្ថែមទៀត​បន្តិចម្តងៗនៅថ្ងៃទី០៤ ខែមេសា។ ការទៅក្បែរ​ព្រះអាទិត្យជាលើកទីពីរ ក្នុងពេលប៉ុន្មានខែខាងមុននេះ​ត្រូវបានគេ​រំពឹងថា យាន Parker នឹងទៅដល់​ចម្ងាយ​​ប្រហែលជា ២៤លានគីឡូម៉ែត្រពី​ផ្កាយរបស់យើង ដែលស្មើនឹង​ពាក់កណ្តាល​​​នៃ​រយៈ​ចម្ងាយ​​​កំណត់ត្រា​ ដែលបង្កើតឡើងដំបូង​ដោយយាន Helios 2 កាលពី​ឆ្នាំ១៩៧៦។

គួរជម្រាបថា ក្នុងរយៈពេល ០៧ឆ្នាំនៃការបំពេញបេសកកម្ម​របស់វា យាន Parker Solar Probe នឹង​ធ្វើការគោចរ​ជុំវិញព្រះ​អាទិត្យ​សរុបចំនួន ២៤លើក ដោយជុំចុង​ក្រោយ​យានអវកាសនេះ​ ​នឹង​ហោះនៅត្រឹម​​ចម្ងាយ​តែ ០៦លានគីឡូម៉ែត្រ​ប៉ុណ្ណោះ​​ពីផ្ទៃអណ្តាតភ្លើង​របស់​​ព្រះអាទិត្យ។

បេសកកម្មនេះ​នឹងជួយ​បង្កើនការយល់ដឹងរបស់​​មនុស្ស អំពី​ព្រះអាទិត្យ រួមមានដូចជាតើ​​ភាគល្អិត ​និង​រូបធាតុ​​របស់វា​​សាយ​​ភាយ​ក្នុងទីអវកាស​ ជាមួយល្បឿនយ៉ាងលឿន​ដោយរបៀបណា និងថាតើហេតុអ្វី​បានជាបរិយាកាសរបស់ដុំបាល់​ភ្លើងយក្ស​​នេះមានកម្តៅក្តៅ​ខ្លាំងជាងស្រទាប់ផ្ទៃ​ ដែលនៅខាងក្រោម​ទៅវិញ​ជាដើម៕​