(ឡុងដ៍)៖ ខណៈដំណើរការ​ជាប់គាំងនៃ Brexit កំពុងធ្វើឲ្យអន្តរជាតិ​​សម្លឹងមើល​អង់គ្លេស​មិនដាក់ភ្នែក​ទៅហើយនោះ ឥឡូវនេះ​រឿងរ៉ាវ​ដ៏រសើបមួយទៀតកំពុងលេច​ឡើង នោះគឺ​ទ្រព្យ​សម្បត្តិជា​ដុំមាសតម្លៃ ១.២ពាន់លានដុល្លារ របស់​ប្រធានាធិបតី​​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅក្នុងធនាគារ​​របស់ចក្រភព​​នេះ ដែល​សម្ព័ន្ធមិត្តនានា​​ជាពិសេស​​គឺសហរដ្ឋអាមេរិក​ កំពុងតែបញ្ចុះបញ្ចូល​ឲ្យអង់គ្លេសបង្កកមាសទាំងនោះទុក ដើម្បីកុំឲ្យលោក ម៉ាឌូរ៉ូ អាច​យក​វា​ទៅប្រើការបាន។ នេះបើតាម​ការចេញ​ផ្សាយដោយ​​សារព័ត៌មាន Sputnik នារសៀល​ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ទោះបីជាបែប​នេះក្តី រឿងបង្កក ឬមិនបង្កក​វា​មិនមែនស្ថិតនៅក្នុង​ដៃរដ្ឋាភិបាលអង់គ្លេស​នោះ​ឡើយ។ ជាក់ស្តែង​​មន្ត្រីជាន់ខ្ពស់​មួយរូប នៃក្រសួងការបរទេស​​អង់គ្លេស​លោក អាឡាន ឌូកាន់ បានចេញ​មុខ​គូសបញ្ជាក់ថា «វាគឺជាការសម្រេចចិត្ត ដែលត្រូវធ្វើឡើង​​ដោយ​ធនាគារ​អង់គ្លេស មិនមែន​ជារដ្ឋាភិបាល​នោះឡើយ។ ដូច្នេះ​ប្រសិន​​បើពួកគេធ្វើការ​​​សម្រេចចិត្ត​ណាមួយ​នោះត្រូវតែប្រាកដ​ច្បាស់ថា ពួកគេក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះការសម្រេចចិត្ត​បែបនោះ​ដែរ...»

គួរបញ្ជាក់ថា ការថ្លែងរបស់​មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស​អង់គ្លេសខាង​លើនេះ គឺ​ត្រូវបាន​ធ្វើឡើងជា​ការឆ្លើយតបទៅនឹង​សេចក្តីរាយការណ៍ របស់សារព័ត៌មាន​មួយចំនួន​កាលពី​​ថ្ងៃចន្ទ​ម្សិលមិញ​នេះថា មេបក្សប្រឆាំង​វេណេស៊ុយអេឡា​លោក ជូអាន ហ្គៃដូ (Juan Guaido) បានផ្ញើលិខិត​សម្ងាត់​ទៅកាន់​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) និងទេសាភិបាល​ធនាគារអង់គ្លេស ​លោក ម៉ាក ខាណេយ (Mark Carney) ដើម្បី​ស្នើសុំអ្នក​ទាំងពីរជួបទប់ស្កាត់មិន​ឲ្យ លោក ម៉ាឌូរ៉ូ យកទ្រព្យមាស​​ចេញពីធនាគារ​​កណ្តាល​អង់គ្លេស​ទៅប្រើការ​បាន ព្រោះ​វានឹងក្លាយជាការ​គាបសង្កត់ប្រជាជន​វេណេស៊ុយអេឡា៕