(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​សម្រេចចិត្តដាក់​ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋមួយរបស់​វេណេស៊ុយអេឡា ដើម្បីបង្ខំឱ្យលោក​ប្រធានាធិបតី​ នីកូឡាស់ ម៉ាឌូរ៉ូ ប្រគល់អំណាចដោយសន្តិវិធីឱ្យមេបក្សប្រឆាំង។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ សារព័ត៌មាន​ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ការប្រកាសដាក់​ទណ្ឌកម្មខាងលើត្រូវ​បានធ្វើឡើង​ ដោយទីប្រឹក្សា​សនិ្តសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) នៅថ្ងៃចន្ទ​សប្ដាហ៍​នេះ។ ថ្លែងក្នុងសន្និសីទ​សារព័ត៌មានដ៏ខ្លីមួយ​ នៅឯសេតវិមាន​លោក Bolton បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុនប្រេងរដ្ឋ​វេណេស៊ុយអេឡា PDVSA នឹងបិទ​ខ្ទប់ប្រាក់ ០៧ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន​មួយនេះ ហើយ​ពួកគេនឹងខាតបង់ប្រាក់ជាង ១១ពាន់លានដុល្លារ​នៅឆ្នាំ​ក្រោយ»

ដោយឡែក​ក្រសួងរតនាគារជាតិ​អាមេរិក ផ្អែកលើទណ្ឌកម្មចុង​ក្រោយនេះរាល់​ទ្រព្យសម្បត្តិ ឬភាគហ៊ុន​របស់ PDVSA ដែលស្ថិត​យុត្ថាធិការ​អាមេរិក​នឹងត្រូវបង្កកទុក ហើយរាល់​ប្រជាជនអាមេរិកទាំងអស់ មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ច​ព្រមព្រៀង​ជាមួយ ក្រុមហ៊ុននេះ​បានឡើយ។

គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឈ្នះនៅ​ក្នុងការបោះឆ្នោតប្រធានាធិបតី​កាលពី​ខែឧសភា ឆ្នាំ២០១៨ ដោយទទួល បានសំឡេង ៦៧.៨៤ភាគរយ និងបានឡើង​ស្បថកាន់តំណែង​ជាប្រធានាធិបតីកាល​ពីថ្ងៃទី១០ ខែមករាកន្លង​ទៅសម្រាប់​អាណត្តិថ្មី ០៦ឆ្នាំ។ ប៉ុន្តែការ​បោះឆ្នោតនេះមិន​មានបក្សប្រឆាំងចូលរួម​នោះទេ រីឯមេបក្សប្រឆាំង​លោក Guaido បានប្រកាស​តែងតាំងខ្លួន​ឯង​ជាប្រធានាធិបតីស្ដីទី ដោយមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕