(ប៉េកាំង)៖ ខ្សែភាពយន្ដភាគប្រវត្តិសាស្ត្រចិន​ ដ៏លី្បល្បាញមាន​ចំណង​ជើងថា Yanxi Palace ត្រូវបានដក​ចេញពីការបញ្ចំាង​នៅតាមកញ្ចក់​ទូរទស្សន៍ បន្ទាប់ពីប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋចិន​រិះគន់យ៉ាងខ្លាំងថា ខ្សែភាពយន្ដ​ភាគនេះជះឥទ្ធិពល​អវិជ្ជមាន​ដល់សង្គម។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

Yanxi Palace គឺជាខ្សែភាពភាគ​បុរាណចិន ដែលនិយាយពីការតស៊ូរបស់ស្ត្រីម្នាក់ រហូតដល់ក្លាយ​ជាមហារាជនី​នៃរាជវង្ស Qing និងត្រូវបាន​គ្រោងចាក់ផ្សាយ​នៅតាមបញ្ចក់​ទូរទស្សន៍ Dragon TV កាលពីល្ងាច​ថ្ងៃចន្ទ។ ប៉ុន្តែវាស្រាប់តែ​ត្រូវបានជំនួស​ដោយ​កម្មវិធីកម្សាន្តទៅវិញ។ កាសែត South China Morning Post បានឱ្យដឹងទៀតថា អ្នកលេងបណ្ដាញ​ទំនាក់ទំនង​សង្គម​បានអះអាងថា ស្ថានីយ​ទូរទស្សន៍ Shandong TV ក៏បានជំនួស​ចាក់ផ្សាយ​រឿងផ្សេងមួយទៀតគឺ «Ode To Joy» ជំនួសរឿង «Yanxi Palace» ផងដែរ។

ជុំវិញការប្ដូរកម្មវិធីផ្សាយនេះ​ បានកើតមានឡើងក្រោយ​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន បានធ្វើការរិះគន់ចំៗថា ខ្សែភាពយន្ដនេះ​ហាក់ចង់លើកទឹក​ចិត្ត​ឱ្យអ្នកទស្សនា​ ​រស់នៅក្នុង​ភាពឡូយឆាយ​ដូចរាជវង្សចិនពី​អតីតកាល ក៏ដូចជាលើក​​កម្ពស់ការ​សប្បាយ និងភាព​ទាន់សម័យ​ខ្ពស់ហួសហេតុពេក ជាជាងការអប់រំមនុស្ស​ឲ្យចេះសន្សំសម្ចៃ និងប្រឹងប្រែង​ធ្វើការដើម្បីការរីកចំរើន​រៀងៗ​ខ្លួន។

គួរបញ្ជាក់ថា Yanxi Palace បានបំបែកកំណត់ត្រា​មានអ្នកទស្សនាច្រើន​បំផុត កាលខែកក្កដា ឆ្នាំ២០១៨ ដោយអំឡុងពេល​ចាកផ្សាយខ្សែភាពយន្ដ​ដែលមានសរុប ៧០ភាគ​នេះ ត្រូវបានផ្សាយ​ចេញ ១៥ពាន់លានដង និងមានប្រជាប្រិយភាពជាងគេបំផុត​នៅលើ Googled TV ក្នុងឆ្នាំ២០១៨។ លើសពីនេះ​ទៅទៀត ខ្សែភាពយន្ដនេះ​ត្រូវបានចាក់ផ្សាយ​នៅលើទីផ្សារចំនួន ៧០ នៅទូទំាង ពិភពលោក​ក្នុងនោះមាន សិង្ហបុរី ហុងកុង ម៉ាកាវ ម៉ាឡេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ថៃ និងវៀតណាម​ជាដើម៕