(អារ៉ាប៊ីសាអូឌីត)៖ វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលជា​សមាជិកអង្គការ OPEC អាចជិះផល​ប៉ះពាល់ដល់តុល្យភាពទីផ្សារប្រេងសកល។ នេះបើតាមសេចក្តីថ្លែងការណ៍បែប​ព្រមាន​ធ្វើឡើងដោយរដ្ឋមន្ត្រី​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក ខាលីដ អាល់ ហ្វាលី (Khalid al-Falih) ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ផលិតកម្មប្រេង​នៅវេណេស៊ុយអេឡា​ បានធ្លាក់ចុះ​យ៉ាងខ្លាំង​នៅប៉ុន្មានខែចុងក្រោយនេះ ពីជាង​ ២លានបារ៉ែល​ក្នុងមួយថ្ងៃ មកនៅត្រឹម​តែ១.៤លានបារ៉ែលប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។ ប្រទេស​អាមេរិកឡាទីន​មួយនេះ បានដើរតួនាទី​ជាប្រទេស​ដែលមានប្រេងឆៅ​បំរុង ច្រើនជាងគេ​បំផុត​នៅលើពិភពលោក ស្មើនឹងជាង ៣០០ពាន់លានបារ៉ែល ហើយ​ភាគច្រើន វាជាប្រេងឆៅ​ដែលមានតម្លៃខ្ពស់​ក្នុងការ​ផលិតថែមទៀតផង។

បច្ចុប្បន្នប្រធានាធិបតីវេណេស៊ុយអេឡា​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) និងមេដឹកនាំបក្ស​ប្រឆាំង​លោក ជូអាន ហ្គៃដូ (Juan Guaido) កំពុងស្ថិតក្នុងភាពជាប់គាំង នៅក្នុងការតស៊ូដណ្តើមអំណាចគ្នា ចាប់តាំងពីលោក Guaido បានប្រកាស​ខ្លួនឯងជា «ប្រធានាធិបតីស្តីទី» កាលពីថ្ងៃពុធសប្តាហ៍មុនក្រោមការ​ជួយ​ជ្រោមជ្រែងពី​អាមេរិក និងសម្ព័ន្ធមិត្តធំៗ ស្របពេលដែល​មានការតវ៉ាដោយ​កំហឹង ស្តីពីវិបត្តិ​សេដ្ឋកិច្ចរបស់​ប្រទេស និងបានបង្កឲ្យ​មនុស្សស្លាប់​ជាច្រើននាក់​មកហើយ។

​គួរបញ្ជាក់ថា ការជាប់គាំងផ្នែក​នយោបាយនេះ បានបណ្តាលឲ្យមាន​ការបាក់បែកគ្នា នូវសហគមន៍​អន្តរជាតិ រវាងប្រទេស​ដែលទទួលស្គាល់ លោក Guaido ប្រធានបក្ស​ប្រឆាំង ជាប្រធានាធិបតី ដោយ​មាន​សហរដ្ឋអាមេរិកគឺជាអ្នកផ្តើមគំនិត និងបណ្តាប្រទេសធំៗ​មួយប៉ែកទៀត​ដែលទទួលស្គាល់ លោក Maduro ជាប្រធានាធិបតីស្របច្បាប់​រួមមានរុស្ស៊ី និងចិនដែលជាអ្នកនាំមុខនោះ៕