(ដាម៉ាស់)៖ ប្រទេសស៊ីរី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១១ ក្នុងនោះ​រួមមាន​ទាំង​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​សេដ្ឋកិច្ចរយៈពេលវែង ក្នុងគោលបំណង​ពង្រឹងទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំ ខណៈសហរដ្ឋអាមេរិក​កំពុងត្រៀម​ដកទ័ពចេញ។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ស៊ីរី ដកស្រង់​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានស៊ីរី SANA កិច្ចព្រមព្រៀង​ខាងលើគឺផ្ដោតសំខាន់​លើសេដ្ឋកិច្ច វប្បធម៌ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងលំនៅឋានជាដើម ហើយមិនតែ​ប៉ុណ្ណោះវាក៏នឹងចូលរួមចំណែក​ផងដែរ ក្នុងការស្ដារ​ប្រទេសស៊ីរី​ឡើង។ កិច្ចព្រមព្រៀងនេះ​ត្រូវបានចុះហត្ថលេខា​ដោយអនុប្រធានាធិបតីទី ១ អ៊ីរ៉ង់​លោក អ៊ីហ្សេក ហ្សាហានគីរី (Eshaq Jahangiri) នៅអំឡុងពេលបំពេញ​ទស្សនកិច្ចក្នុង​ទីក្រុងដាម៉ាស់នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។

គួរជម្រាបថា បើតាមអង្គការ​សហប្រជាជាតិ សង្រ្គាមស៊ីរីដែល​​បានផ្ទុះឡើងកាលពី​ឆ្នាំ២០១១មក បានធ្វើឱ្យប្រទេស​​មួយនេះខាត បង់សេដ្ឋកិច្ចជាង ៤០០ពាន់លានដុល្លារ រីឯមនុស្សប្រមាណ ៣៦០,០០០នាក់បានស្លាប់ និងរាប់លានទៀត​ក្លាយ​ជាជនភៀស​ខ្លួន​ទាំងនៅក្នុងស្រុក និងក្រៅ​ប្រទេស។ ដោយឡែក​ការចុះកិច្ច​ព្រមព្រៀងសេដ្ឋកិច្ច​ដំបូងខាងលើនេះ គឺ​ត្រូវបានធ្វើ​ឡើង​ក្រោយពី​ស្ថានការណ៍​នៅស៊ីរីកាន់តែ​ល្អប្រសើរ ដោយ​សង្គ្រាម​​កាន់តែផុតរលត់​ទៅបន្តិចម្តងៗ ហើយ​​ប្រជាជន​ដែលភៀស​ខ្លួននោះ ក៏បានចាប់ផ្តើម​ត្រឡប់មកស្រុកកំណើត​ពួកគេវិញជា​បណ្តើរៗ​ផងដែរ៕