(ការ៉ាកាស់)៖ អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសវេណេស៊ុយអេឡា បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៣៥នាក់បានស្លាប់ និង៨៥០នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងការ៉ាកាស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ នាយកអង្គការកម្មវិធីអប់រំ និងសិទ្ធិមនុស្ស​ លោក Rafael Uzcategui បានបញ្ជាក់ទៀតថា អ្នកទាំង៣៥នាក់ខាងលើ ត្រូវបានកងកម្លាំងប៉ូលិសពិសេសរបស់លោក ម៉ាឌូរ៉ូ បាញ់សម្លាប់ចាប់តាំងពីបាតុកម្មផ្ទុះឡើង​ កាលពីថ្ងៃចន្ទសប្ដាហ៍មុនមក។ លោកបន្ថែមថាមកទល់នឹងពេលនេះមានអ្នកទោស​នយោបាយ៩៧៦នាក់ បន្តជាប់ឃុំក្នុងពន្ធនាគារ។

គួរបញ្ជាក់ថា មេបក្សប្រឆាំងលោក Guaido ដែលទើបតែប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទីបានអំពាវនាវឱ្យប្រជាជន វេណេស៊ុយអេឡាទាំងអស់ចូលរួមធ្វើបាតុកម្មតវ៉ាជាថ្មីនៅក្នុងសប្ដាហ៍នេះ ដើម្បីដាក់សម្ពាធលើលោកម៉ាឌូរ៉ូ និងស្ដារលិទ្ធិប្រជាធិបតេយ្យឡើងវិញ៕