(កាប៊ុល)៖ ក្រុមមន្ត្រីអាមេរិក និងតាលីបង់បានព្រមព្រៀងគ្នាហើយលើសេចក្ដីព្រាងមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែល នឹងក្លាយជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការបិទបញ្ចប់ជម្លោះអស់រយៈពេលជាង១៧ឆ្នាំមកនេះ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមមន្ត្រីចរចាជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

មន្ត្រីចរចាជាន់ខ្ពស់អាមេរិក និងជាតំណាងពិសេសសម្រាប់ការផ្សះផ្សាអាហ្វហ្កានីស្ថាន លោក Khalilzad បានធ្វើដំណើរទៅកាន់ រដ្ឋធានីកាប៊ុល ដើម្បីធ្វើបទបង្ហាញពីសេចក្ដីព្រាងខាងលើដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បន្ទាប់ពីលោកបានចាយពេលអស់៦ថ្ងៃ ក្នុងកិច្ចចរចាជាមួយក្រុមតាលីបង់នៅប្រទេសកាតា កាលពីសប្ដាហ៍មុន។ លោក Khalilzad បានគូសបញ្ជាក់យ៉ាងខ្លីប្រាប់សារ​ព័ត៌មាន New York Times ដូច្នេះថា៖«យើងបានឈានដល់ការ​ឯកភាពគ្នាលើសេចក្ដីព្រាងមូលដ្ឋានមួយ មុននឹងវាក្លាយទៅជា​កិច្ចព្រមព្រៀង»។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលអាហ្វហ្កានីស្ថាន កងកម្លាំងសន្តិសុខជាតិច្រើនជាង៤៥,០០០នាក់ បានបាត់បង់ជីវិតនៅក្នុងការ វាយប្រយុទ្ធគ្នាជាមួយក្រុមតាលីបង់ចាប់តាំងពីឆ្នាំ២០១៤មក៕