(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ស្ថានីយទូរទស្សន៍រដ្ឋ​ចិនបញ្ចេញឃ្លីបវីដេអូ​ បង្ហាញពី​ការ​បាញ់​ធ្វើ​តេស្ត​​ប្រព័ន្ធមីស៊ីល​កម្ទេច​នាវា DF-26 ដែលអាច​បំពាក់​ក្បាលគ្រាប់ប្រភេទ​នុយក្លេអ៊ែរ​ នៅចំពោះមុខ​បេសកកម្មសេរីភាពនាវាចរ ឥតឈប់ឈរ​​​របស់​សហរដ្ឋអាមេរិក​​ក្នុង​​តំបន់សមុទ្រ​ចិនខាងត្បូង​ និង​ច្រកសមុទ្រ​តៃវ៉ាន់៕

២៖ ចំនួនសាកសព​មនុស្សដែល​បាន​បាត់បង់ជីវិត ដោយសារ​គ្រោះមហន្តរាយបាក់ទំនប់​នៅ​ទីតាំងរុករករ៉ែ​​មួយកន្លែង​ក្នុង​​រដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគ​អាគ្នេយ៍​ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈ​មនុស្ស ៣០៥នាក់ទៀត​នៅតែបន្ត​បាត់ខ្លួន៕

៣៖ ​ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិន​នៅតែឈរលេខរៀងទី ១ លើពិភពលោកក្នុងនាមជាទីក្រុងសេដ្ឋកិច្ចទីផ្សារសេរីបំផុត​ដដែល ក្នុងរយៈពេល​២៥ឆ្នាំជាប់ៗគ្នា ខណៈ​ប្រទេសសិង្ហបុរី​វិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវមួយ​ចំនួន​បានអះអាងថា ការកាត់​សេចក្តី​លើ​លំដាប់ថ្នាក់នេះ គឺបង្ហាញ​ពីប្រព័ន្ធយុត្តិធម៌​ធ្លាក់ចុះ​បន្តិច​នៅក្នុងទីក្រុងស្វយ័ត្ររបស់ចិន​មួយនេះ៕

៤៖ ​នៅទីបំផុតសត្វទា​មួយក្បាលមានឈ្មោះថា Trevor ដែលត្រូវបានគេ​ចាត់ទុកថា ជាសត្វទាឯកកោ​ជាងគេបំផុតនៅលើ​ពិភពលោកនោះ (ព្រោះមានតែឯង) បានងាប់បាត់ហើយ​បន្ទាប់ពីត្រូវបានសត្វឆ្កែខាំ នៅលើកោះដាច់​ស្រយាលមួយក្នុងតំបន់​ប៉ាស៊ីហ្វិក៕

៥៖ ការស្ទង់មតិមួយ​បានបង្ហាញថា ប្រជាជនអាមេរិក០៦នាក់ ក្នុងចំណោម ១០នាក់​ជឿជាក់ថា ប្រទេសរបស់ពួកគេកំពុង​ដើរលើផ្លូវខុស ខណៈ០៧នាក់​ក្នុងចំណោម១០នាក់ មានគំនិត​អវិជ្ជមានលើស្ថានភាពបច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក៕

៦៖ រឹទ្ធសមាជិកបក្ស​សាធារណរដ្ឋ លោក លីនសេយ ក្រាហាំ (Lindsey Graham) បានអះអាងថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានពិភាក្សា​ជាមួយ​លោកអំពី​លទ្ធភាពនៃការប្រើប្រាស់​កម្លាំងយោធា​​ នៅ​ប្រទេសវេណេស៊ុយអេឡា​កាលពី​ប៉ុន្មាន​សប្តាហ​មុន​៕