(ម៉ូស្គូ)៖ ព្រឹទ្ធសមាជិកបក្ស​សាធារណរដ្ឋ លោក លីនសេយ ក្រាហាំ (Lindsey Graham) បានអះអាងថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានពិភាក្សា​ជាមួយ​លោកអំពី​លទ្ធភាពនៃការប្រើប្រាស់​កម្លាំងយោធា​​ នៅ​ប្រទេសវេណេស៊ុយអេឡា​កាលពី​ប៉ុន្មាន​សប្តាហ​មុន​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

ចំពោះមុខ​​សារព័ត៌មាន​អាមេរិក Axios លោក Graham បង្ហើបពីសំនួរលោក ត្រាំ ដែលបានសួរលោកយ៉ាងដូច្នេះថា «តើលោកយល់​យ៉ាងណា ​​អំពីការប្រើប្រាស់​កម្លាំងយោធា»? ខណៈនោះលោក Graham ​បានតបទៅលោក ត្រាំ វិញថា «លោក​គឺជាប្រធានាធិបតី​ ដូច្នេះត្រូវធ្វើការបោះជំហានយឺតៗ ពីព្រោះវាអាច​​ក្លាយជា​បញ្ហាធំ»

ព្រឹទ្ធសមាជិក​អាមេរិករូបនេះ​បានបន្តថា បើតាមការគិតរបស់លោក គឺការជ្រើសរើសប្រើប្រាស់កម្លាំងទ័ព លុះត្រា​​ផល​ប្រយោជន៍​​សន្តិ​សុខ​​ជាតិស្ថិត​ក្នុងហានិភ័យ។ ទន្ទឹមនឹងនេះ​សារព័ត៌មាន Axios ដោយផ្អែកតាមប្រភពព័ត៌មាន​ពីក្រុមមន្រ្តី​ជាន់ខ្ពស់អាមេរិក​​បានបន្ថែមថា បច្ចុប្បន្នពុំមា​នសញ្ញាណា​មួយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន​​​ពិតជាបាន​រៀបចំ​គម្រោង​ធ្វើការឈ្លានពាន​​ប្រទេស​​វេណេស៊ុយអេឡា ដោយប្រើ​យោធានោះឡើយ ខណៈលោក ត្រាំ គ្រាន់តែចង់​ពន្លឿនការប្តូរ​របប​នៅក្នុងប្រទេស​អាមេរិកឡាទីន​មួយនេះ ដោយ​យោង​លើហេតុ​ផល​សេដ្ឋកិច្ច និងការទូត​ប៉ុណ្ណោះ។

គួរជម្រាបថា កាលពី​សប្តាហ៍មុន​ជម្លោះរវាង​រដ្ឋាភិបាល និងបក្សប្រឆាំង​នៅវេណេស៊ុយអេឡាកាន់តែតានតឹងឡើង​ នៅពេល​​​​មេ​បក្សប្រឆាំង លោក ជូអាន ហ្គៃដូ Juan Guaido បានប្រកាសខ្លួនលោកជាប្រធានាធិបតីស្តីទី​ ហើយ​ទទួលបានការ​ទទួលស្គាល់​ពី​អាមេរិក​ កាណដា និងប្រទេសជាច្រើនទៀត។ ទង្វើនេះបាន​រុញច្រានវេណេស៊ុយអេឡា​ ឲ្យធ្លាក់ផុង​ក្នុង​វិបត្តិនយោបាយកាន់តែជ្រៅ ខណៈ​ប្រធានាធិបតីវេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទ​ទីក្រុងវ៉ាស៊ីនតោន​ពីការរៀបចំផែនការ​​​​បំផ្ទុះការរដ្ឋ​ប្រហារ​​​ នៅវេណេស៊ុយអេឡា៕