(ឡុងដ៍)៖ នៅទីបំផុតសត្វទា​មួយក្បាលមានឈ្មោះថា Trevor ដែលត្រូវបានគេ​ចាត់ទុកថា ជាសត្វទាឯកកោ​ជាងគេបំផុតនៅលើ​ពិភពលោកនោះ (ព្រោះមានតែឯង) បានងាប់បាត់ហើយ​បន្ទាប់ពីត្រូវបានសត្វឆ្កែខាំ នៅលើកោះដាច់​ស្រយាលមួយក្នុងតំបន់​ប៉ាស៊ីហ្វិក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

សត្វទា Trevor គឺជាប្រភេទសត្វទា​តែមួយគត់ ដែលរស់នៅលើដែនកោះ Niue ហើយវាបានធ្វើដំណើរ​មកកោះ ស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ កាលពីឆ្នាំ២០១៨។ ប៉ុន្តែគេ​មិនដឹងច្បាស់ថា វាមកដល់ទីនេះដោយ​របៀបណាឡើយ។ Trevor រស់នៅដោយអាស្រ័យទឹកថ្លុកតាមដងផ្លូវ ជាទីដែលវា​ត្រូវបានប្រជាជន​ក្នុងតំបន់បីបាច់​ថែរក្សា និង​ឱ្យចំណីជារឿយៗ។

គួរបញ្ជាក់ថា លើ​ដែនកោះ Niue មិនមានទឹកទន្លេ បឹង ឬព្រែកនោះទេ។ ដូច្នេះហើយទើប Trevor ជ្រើសរើសរស់នៅ​តាមទឹកថ្លុក​ដែល​មានទឹកសាប ប៉ុន្តែគួរឲ្យស្តាយ​សត្វ​ដែល​មហាកម្រ​បំផុតក្នុងលោកនេះ ត្រូវបានឆ្កែក្នុងភូមិ​ខាំងាប់បាត់ទៅហើយ៕