(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយ​បានបង្ហាញថា ប្រជាជនអាមេរិក០៦នាក់ ក្នុងចំណោម ១០នាក់​ជឿជាក់ថា ប្រទេសរបស់ពួកគេកំពុង​ដើរលើផ្លូវខុស ខណៈ០៧នាក់​ក្នុងចំណោម១០នាក់ មានគំនិត​អវិជ្ជមានលើស្ថានភាពបច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក។ នេះ​បើតាម ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

ការស្ទង់មតិ​ចេញផ្សាយដោយសារព័ត៌មាន​អាមេរិក NBC News និង Wall Street Journal កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានឱ្យដឹងទៀតថា ប្រជាជនអាមេរិក ៦៣ភាគរយ ដែលត្រូវបានគេសម្ភាសន៍បានឆ្លើយថា សហរដ្ឋអាមេរិក​កំពុងដើរលើ​ផ្លូវខុស ហើយ ២៨ភាគរយថា​កំពុងដើរលើផ្លូវត្រូវ ដែលនេះគឺ​ជាអត្រាទាបបំផុតមួយ​ គិតចាប់តាំងពីឆ្នាំ២០១៦មក។

បន្ថែមពីនេះនៅពេលត្រូវ​បានគេសួរថា តើបច្ចុប្បន្នសហរដ្ឋអាមេរិក​ស្ថិតនៅក្នុងស្ថានភាព​បែបណា ប្រជាជនអាមេរិក ៦៨ភាគរយ​បានបង្ហាញពី​គំនិតអវិជ្ជមាន ក្នុងនោះរួមមាន​ទាំងប្រើពាក្យ «ដើរលើផ្លូវខុស ​គ្រោះមហន្តរាយ ពេលវេលា​ដ៏លំបាក និងគណក្ស​នីមួយៗកំពុង​បំផ្លាញគ្នា​ទៅវិញ​ទៅមក»

គួរបញ្ជាក់ថា ការស្ទង់មតិនេះ​ត្រូវបានចេញផ្សាយ នៅមុន​ពេលសេតវិមាន​ព្រមព្រៀង​ជាមួយគណបក្ស​ប្រជាធិបតេយ្យ ដើម្បីបើករដ្ឋាភិបាល​ឡើងវិញ។ ការបិទ​រដ្ឋាភិបាល​អាមេរិក បានបណ្ដាលឱ្យ​ខាតបង់សេដ្ឋកិច្ច​រាប់ពាន់លានដុល្លារ ហើយមិនតែ​ប៉ុណ្ណោះវា​ក៏ធ្វើឱ្យមានការបែកបាក់​គ្នា​រវាងអ្នកនយោបាយ​អាមេរិកផងដែរ ស្របពេល​លោក ដូណាល់ ត្រាំ ព្រមានថា​នឹងបិទ​រដ្ឋាភិបាល​ជាថ្មី បើកញ្ចប់ថវិកា​សង់ជញ្ជំាងព្រំដែន ៥.៧ពាន់លានដុល្លារ​ជាមួយម៉ិចស៊ីកូ មិនត្រួវបាន​សភាអនុម័ត​ទេនោះ៕