(ហុងកុង)៖ ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិន​នៅតែឈរលេខរៀងទី ១ លើពិភពលោក​ក្នុងនាមជាទីក្រុងសេដ្ឋកិច្ចទីផ្សារសេរីបំផុតដដែល ក្នុងរយៈពេល​២៥ឆ្នាំជាប់ៗគ្នា ខណៈ​ប្រទេសសិង្ហបុរី​វិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវមួយ​ចំនួន​បានអះអាងថា ការកាត់​សេចក្តី​លើ​លំដាប់ថ្នាក់នេះ គឺបង្ហាញ​ពីប្រព័ន្ធយុត្តិធម៌​ធ្លាក់ចុះ​បន្តិច​នៅក្នុងទីក្រុងស្វយ័ត្ររបស់ចិន​មួយនេះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយកាសែត South China Morning Post នារសៀល​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

បើតាម​ទិន្នន័យពី Heritage Foundation ដែលជាវិទ្យាស្ថាន​សិក្សាមួយ​មានមូលដ្ឋាន​នៅ​រដ្ឋធានីវ៉ាស៊ីតោន​សហដ្ឋអាមេរិក ក៏បានបញ្ជាក់​បន្ថែមទៀតដែរថា ប្រទេសចិន​​គឺឈរ​នៅលេខរៀងទី ១០០ នៃ​តំបន់សេដ្ឋកិច្ច​ទីផ្សារសេរី​លើលោក នៅក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង ១៨០ នៅទូទាំង​សកល ដែលវិទ្យាស្ថាននេះ​បានធ្វើ​ការសិក្សា។ ដោយឡែក​​​សិង្ហបុរី ទោះបីជា​ស្ថិត​​នៅលេខ​រៀងទី ២ ដដែល​​ដូចឆ្នាំមុនៗ​មែន ប៉ុន្តែ​​គម្លាត​នៃពិន្ទុជាមួយ​ទីក្រុងហុងកុង​​នោះ គឺកាន់តែ​ខិតជិត​គ្នាហើយ។

គួរបញ្ជាក់ថា ការដាក់ពិន្ទុ​ខាងលើនេះ គឺវិទ្យាស្ថាន Heritage Foundation បានធ្វើឡើង​ដោយយោងលើកត្តាចម្បងៗចំនួន ១២ មានដូចជា ច្បាប់, អភិបាលកិច្ច, ការបើក​ទូលាយ​ទីផ្សារ និងកំណែទម្រង់​នានា​ជាដើម។ សម្រាប់ពិន្ទុ​ដែលហុងកុងទទួល​បាននោះ គឺចំនួន ៩០.២ លើ ១០០ពិន្ទុ ដែលជាកម្រិត​​ដដែលបើធៀបហ្នឹង​ឆ្នាំ២០១៨ ប៉ុន្តែពិន្ទុ​ដែល​ទីក្រុង​នេះទទួល​បានច្រើន​ជាងមុន គឺទៅសេរីភាព​ពាណិជ្ជកម្ម, សេរីភាព​រូបិយវត្ថុ និងសុច្ចរិតភាព​របស់រដ្ឋាភិបាលផងដែរ ខណៈពិន្ទុដែលធ្លាក់ចុះ​បន្តិចមកវិញ គឺលើផ្នែកប្រព័ន្ធតុលាការ៕