(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី​បានប្រកាស​ទទួលស្គាល់ ប្រធានបក្សប្រឆាំង​វេណេស៊ុយអេឡា​លោក Juan Guaido ជា​ប្រធានាធិបតី​ស្តីទី​​របស់ប្រទេស​អាមេរិកឡាទីន​នេះ រហូតទាល់តែដល់​ពេល​មាន​ការបោះឆ្នោតឡើងវិញ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេស​អូស្រ្តាលី លោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានលើកឡើង​ក្នុងសេចក្តីថ្លែងការណ៍​មួយថា «ប្រទេសអូស្រ្តាលី​ទទួល​ស្គាល់ ​និងគាំទ្រ​ប្រធានរដ្ឋសភា​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបាន​ប្រកាសខ្លួនជា​ប្រធានាធិបតីស្តីទី​វេណេស៊ុយ​​អេឡា​ ដោយយោង​ទៅតាមរដ្ឋ​ធម្មនុញ្ញ​នៃប្រទេស​វេណេស៊ុយអេឡា ហើយអូស្រ្តាលី​អំពាវនាវឲ្យ​មានការធ្វើអន្តរកាល​​ឆ្ពោះទៅ​​រក​លទ្ធិប្រជាធិបតេយ្យ​​ឲ្យបានឆាប់ៗ​បំផុត​តាមដែឡអាចទៅរួច នៅក្នុង​ប្រជាជាតិអាមេរិក​ខាងត្បូងមួយនេះ»

គួរជម្រាបថា កាលពីថ្ងៃពុធ​សប្តាហ៍មុន លោក Guaido បានប្រកាសខ្លួន​លោកជាប្រធានាធិបតីស្តីទី​​វេណេស៊ុយអេឡា ហើយ​ទង្វើនេះក៏ត្រូវ​បានទទួលស្គាល់ដោយ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយ​ចំនួនទៀត ខណៈលោក នីកូឡា ម៉ាឌូរ៉ូ ដែល​ជាមេដឹកនាំ​ជាប់ឆ្នោតដោយ​ស្របច្បាប់ បាន​ប្រកាសផ្តាច់​ទំនាក់ទំនងជាមួយ​អាមេរិក និង​ចោទទីក្រុង​វ៉ាស៊ីនតោន​ថា ​កំពុង​​បំផុស​ឲ្យ​មានរដ្ឋប្រហារ​​នៅក្នុងប្រទេស​លោក៕