(ការ៉ាកាស់)៖ ក្រោយសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់លោក Juan Guaidó ជាប្រធានាធិបតីស្ដីទីស្របច្បាប់តែមួយគត់របស់ វេណេស៊ុយអេឡា មានការលើកឡើងជាច្រើនពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូចេញពីអំណាច។ ប៉ុន្តែ តាមការពិតបើទោះជាលោក Guaidó ទទួលបានការទទួលស្គាល់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចក៏ដោយ ក៏ការចង់ទម្លាក់ ឬឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងមិនមែនជារឿងងាយស្រួលនោះទេ។ ពោលគឺសូម្បីតែ មេបក្សប្រឆាំងរូបនេះ ក៏ដឹងខ្លួនឯងច្បាស់ដែរ ខណៈការឡើងស្បថជាប្រធានាធិបតីស្ដីទីគឺជាគ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះ គ្មានឡើយអំណាចដើម្បី ចេញសេចក្ដីសម្រេចណាមួយ។

គិតមកទល់នឹងពេលនេះ ក្រៅតែពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ប្រេស៊ីល កូស្ដារីកា អាហ្សង់ទីន ប៉េរូ កូឡុំប៊ី អេក្វាឌ័រ ឈីលី និងអេស្ប៉ាញ សុទ្ធតែបានប្រកាសទទួលស្គាល់លោក Juan Guaido ជា​ប្រធានាធិបតី​ស្ដីទីស្របច្បាប់​របស់​វេណេស៊ុយអេឡា ស្របពេលសហភាពអឺរ៉ុបកំពុងពិចារណាធ្វើដូចគ្នានេះដែរ។ ចំណែកឯ ប្រទេសចិន តួកគី ស៊ីរី គុយបា ម៉ិចស៊ីកូ និងរុស្ស៊ីនៅតែគាំទ្រលោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយថ្កោលទោសយ៉ាងរាល់ការប៉ុនប៉ងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ វេណេស៊ុយអេឡា។

តែទោះជាយ៉ាងក៏ដោយ តាមការពិតស្ថានភាពបច្ចុប្បន្ននៅវេណេស៊ុយអេឡា ប្រែប្រួលឬមិនប្រែប្រួល ឬក៏អាចនិយាយបានម្យ៉ាង ទៀតលោក ម៉ាឌូរ៉ូ អាចបន្តកាន់អំណាចបាន គឺវាអាស្រ័យទៅលើយោធាទាំងស្រុង ​ដែលនៅតែប្រកាន់ជំហរគំាទ្រឈរនៅខាង ប្រធានាធិបតីរូបនេះ។ ជាក់ស្ដែង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មេបញ្ជាការ និងឧត្ដមសេនីយគ្រប់កងអង្គភាពទាំងអស់ បានចេញមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋជាមួយការសន្យាការពារអំណាចរបស់លោក ម៉ាឌូរ៉ូ។ យោធានៅក្នុងប្រទេសអាមេរិកឡាទីន មួយនេះកំពុងគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុ ការប្រមូលពន្ធ និងលើកិច្ចព្រមព្រៀងអាវុធទាំងមូល ព្រមទាំងមានទំនាក់ទំនង យ៉ាងជិតស្និទនឹង រុស្ស៊ី ចិន និងអ៊ីរ៉ង់។ លើសពីនេះទៅទៀត សូម្បីតែ ការតវ៉ានៅតាមដងផ្លូវក៏ស្ថិតនៅក្រោមកណ្ដាប់របស់ពួកគេ ដែរ ឱ្យតែមិននឹងប្រកាសប្រើច្បាប់អាជ្ញាសឹកប្រឆាំងនឹងអំពើក្បត់ជាតិ និងភេរវកម្ម។

ដូច្នេះដោយសារតែការបែងចែកផលប្រយោជន៍ជាប្រព័ន្ធនេះ ការចង់ទាញយោធាចេញពីលោក ម៉ាឌូរ៉ូ មិនមែនជារឿងងាយ​ស្រួល នោះទេ តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនទំនងជានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យកាន់តែធ្ងន់ធ្ងរជំនួសវិញ ព្រោះថាការចង់ប្រើប្រាស់កម្លាំងយោធាក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ឬណាតូ ឬគ្រប់ទម្រង់ណាក៏ដោយលើរដ្ឋាភិបាលទីក្រុង​ការ៉ាកាស់ មិនអាចទៅរួចក្នុងពេលអនាគតដ៏ខ្លីជាដាច់ខាត ដ្បិតចិន និងរុស្ស៊ី​​មុខជាជំទាស់។ ប៉ុន្តែអ្វីដែលសំខាន់អ្នកដែលរងគ្រោះ ពិតប្រាកដពីការដាក់ទណ្ឌកម្មនេះ ច្បាស់ណាស់គឺប្រជាជនវេណស៊ុយអេឡាជា។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅតែពីវិបត្តិមានប្រធានាធិបតីដល់ទី២ វេណេស៊ុយអេឡា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។ ដោយឡែកបើតាមការស្ទង់មតិជាច្រើននាពេលថ្មីៗនេះ មានប្រជាជនវេណេស៊ុយអេឡា ៨០ភាគរយគំាទ្រឱ្យមានការផ្លាស់ប្ដូររបបដឹកនាំ របស់ពួកគេសព្វថ្ងៃ។ ប៉ុន្តែស្ទង់មតិនេះលែងមានន័យទៀតហើយ ព្រោះលោក ម៉ាឌូរ៉ូ បានស្បថឡើងកាន់តំណែងជា ប្រធានាធិបតីក្នុងអណត្តិទី២របស់លោក និងប្រកាសថាគ្មានឡើយការបោះឆ្នោតជាថ្មីឡើងវិញ៕

ប្រភព៖ The Guardian (ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩)