(លីបង់)៖ ក្រុមយោធាហេសប៊ូលឡា (Hezbollah) មានមូលដ្ឋាននៅក្នុងប្រទេសលីបង់នឹងរួមដៃគ្នាជាមួយអ៊ីរ៉ង់ និងស៊ីរីដើម្បី​វាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល បើសិនជាទីក្រុងតែល អាវីវ នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសនៅលើ​ទឹកដីស៊ីរី។ នេះបើតាមការអគ្គលេខាធិការគណបក្សហេសប៊ូលឡា ​ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។

អគ្គលេខាធិការគណបក្សហេសប៊ូលឡា លោក Hassan Nasrallah ធ្វើការព្រមានបែបនេះពេលផ្ដល់បទសម្ភាន៍ឱ្យសារព័ត៌មាន លីបង់ Al Mayadeen កាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ លោក Nasrallah បានលើកឡើងនាឱកាសនោះដូច្នេះថា៖« យើងនឹងធ្វើការសម្រេចចិត្តចាត់វិធានការឆ្លើយតបជាច្រើន ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល... ហើយយើងនឹងរួមដៃគ្នា​ជាមួយស៊ីរី និងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធរបស់យើងដទៃសងសឹកលើអ៊ីស្រាអែលវិញ បើសិនជាទីក្រុងតែល អាវីវ ហ៊ានបើកការ វាយប្រហារតាមផ្លូវអាកាសជាថ្មីលើ​ទឹកដីស៊ីរី»

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ យោធាអីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់លើមូលដ្ឋាន អ៊ីរ៉ង់នៅក្បែងអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ប្រទេសស៊ីរី ដោយផ្ដាច់ជីវិតយោធាស៊ីរី៤នាក់ និង៦នាក់រងរបួស៕