(ម៉ានីល)៖ អាជ្ញាធរហ្វលីពីន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងវិហារគ្រឹស្ដ​មួយកន្លែងស្ថិតនៅខាងត្បូងប្រទេសហ្វីលីពីន បានកើនដល់១៩នាក់ហើយ និង៤៨នាក់ទៀតរងរបួស។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។

យោធាហ្វីលីពីន បានឱ្យដឹងថា គ្រាប់បែកបានផ្ទុះឡើង២លើក បន្ទាប់ពីពិធីជួបជុំគ្នាមួយនៅម៉ោងប្រមាណ៨៖០០ព្រឹក នៅឯ វិហារគ្រឹស្ត Jolo Cathedral ក្នុងទីក្រុង Jolo នៃខេត្ត Sulu។ ជនរងគ្រោះភាគច្រើនគឺជាអ្នកដែលតែងតែមកបន់ស្រន់នៅ វិហារគ្រឹស្ដមួយនេះ រីឯការស៊ើបអង្កេត និងការរឹតបន្តឹងសន្តិសុខក៏ត្រូវបានធ្វើឡើងផងដែរ។

គួរបញ្ជាក់ថា បើតាមយោធាហ្វីលីពីន មូលហេតុផ្ទុះគ្រាប់បែកខាងលើ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថាអាចនឹងកើនឡើង៕