(ម៉ានីល)៖ មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងវិហារគ្រឹស្ដមួយកន្លែងស្ថិតនៅខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមយោធាហ្វីលីពីន ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។

យោធាហ្វីលីពីន បានឱ្យដឹងទៀតថា គ្រាប់បែកបានផ្ទុះឡើង២លើក បន្ទាប់ពីពិធីជួបជុំគ្នាមួយនៅម៉ោងប្រមាណ៨៖០០ព្រឹក នៅឯ វិហារគ្រឹស្ត Jolo Cathedral ក្នុងទីក្រុង Jolo នៃខេត្ត Sulu។ ជនរងគ្រោះភាគច្រើនគឺជាអ្នកដែលតែងតែមកបន់ស្រន់នៅ វិហារគ្រឹស្ដមួយនេះ រីឯការស៊ើបអង្កេត និងការរឹតបន្តឹងសន្តិសុខក៏ត្រូវបានធ្វើឡើងផងដែរ។

គួរបញ្ជាក់ថា បើតាមយោធាហ្វីលីពីន មូលហេតុផ្ទុះគ្រាប់បែកខាងលើ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថាអាចនឹងកើនឡើង៕