​(ញូយ៉ក)៖ សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើតរដ្ឋប្រហារមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា ដូច្នេះក្រុមប្រឹក្សាសន្តិសុខ អង្គការសហរប្រជាជាតិគួរតែពិនិត្យ និងយកចិត្តទុកលើការគំរាមកំហែងនេះចំពោះទីក្រុងការ៉ាកាស់។ នេះបើតាមអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ UN​ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russina Today នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរ៍ (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សាគ្នាពីស្ថាន ភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលកំពុងជួបវិបត្តិមានប្រធានាធិបតីដល់ទៅ២ បន្ទាប់ពីមេបក្សប្រឆាំង លោក Juan Guaido តែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី ក្រោមការទទួលស្គាល់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាង លិច។

ប៉ុន្តែរុស្ស៊ី និងប្រទេស៣ផ្សេងទៀត បានប្រឆាំងនឹងការពិភាក្សាពីស្ថានភាពនៅវេណេស៊ុយអេឡា​ ដោយបញ្ជាក់ថាវាគឺជាកិច្ចការ​ផ្ទៃក្នុងនៃប្រទេសដទៃ ដែលមិនបានគំរាមកំហែងអ្វីទាល់តែសោះចំពោះសហគមន៍អន្តរជាតិ។ ថ្លែងនៅកិច្ចប្រជុំនោះដែរ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vassily Nebenzia បានលើកឡើងដូច្នេះថា៖« សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើត រដ្ឋប្រហារមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា ដូច្នេះក្រុមប្រឹក្សាសន្តិសុខអង្គការសហរប្រជាជាតិគួរតែពិនិត្យ និងយកចិត្ត ទុកលើការគំរាមកំហែងនេះចំពោះទីក្រុងការ៉ាកាស់...»។ លោក បន្ថែមថាការលូកដៃរបស់សហរដ្ឋអាមេរិកចូលកិច្ចការផ្ទៃក្នុងនៃ ប្រទេសដទៃមិនមែនជារឿងថ្មីនោះទេ តែអ្វីដែលថ្មីគឺវេណេស៊ុយអេឡាកំពុងក្លាយជាជនរងគ្រោះនៃល្បែងនយោបាយអាមេរិក ដោយសារតែឯករាជ្យភាពរបស់ទីក្រុងការ៉ាកាស់ មិនដើរតាមផលប្រយោជន៍របស់អាមេរិក។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងប្រទេសអាមេរិកឡាទីនភាគច្រើន បានទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់ ខណៈរុស្ស៊ី ចិន គុយបា និងស៊ីរី ជាដើមនៅតែឈរខាងលោក នីកូឡាស់ ម៉ាឌូរ៉ូ៕