(ប៉េកាំង)៖ រដ្ឋមន្ត្រី​ការបរទេសចិន​លោក វ៉ាង យី បានចេញ​មុខ​អំពាវនាវ​ឲ្យបណ្តា​​ប្រទេស​ដែល​ជាដៃគូ​របស់ចិនទាំងអស់ បញ្ចេញសកម្មភាព​ដើម្បីប្រឆាំងទៅនឹងចលនាដាក់សម្ពាធ ដ៏អយុត្តិធម៌​ទៅលើវិស័យ​ពាណិជ្ជកម្ម ដោយក្នុងនោះ​មានក្រុមហ៊ុន Huawei ដែលជា​ជនរងគ្រោះ បានក្លាយជា​ឧទាហរណ៍​ស្រាប់។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាល្ងាច​ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

លោក វ៉ាង យី បានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​នាក្រសួងការបរទេសចិន​យ៉ាង​ដូច្នេះថា «ការពិត និងការកហុក​នៅក្នុងស្ថានភាព​នេះ គឺវាច្បាស់លាស់​ណាស់ទៅហើយ នៅពេលដែល​គ្មានភស្តុតាងអ្វី​សោះ បែរជារដ្ឋាភិបាល​​មួយប្រើកម្លាំងបាយ​ដើម្បី​រិះគន់ និងដាក់​សម្ពាធ​​ទៅលើក្រុមហ៊ុន​មួយ​ចំនួន ដែលនេះ​​គឺជាទង្វើដ៏​អសីលធម៌ និងអយុត្តិធម៌​បំផុត...។ ខ្ញុំជឿជាក់ថា ប្រទេសទាំង​ឡាយគួរតែប្រុងប្រយ័ត្នឲ្យបាន​ខ្លាំង ចំពោះមុខ​ភាព​មិនសមហេតុផល និងការព្យាយាម​យាយីនានា ហើយត្រូវធ្វើ​ការប្រឆាំងយ៉ាង​ម៉ឺងម៉ាត់ ទៅកាន់​ពួកគេ​វិញ...»

គួរបញ្ជាក់ថា ការអំពាវនាវ​របស់ក្រសួងការបរទេស​ចិន​ខាងលើនេះ គឺធ្វើឡើង​​ជាការ​ឆ្លើយតបទៅនឹង​​សម្ពាធរបស់​​សហរដ្ឋអាមេរិក ព្រម​ទាំងសម្ព័ន្ធមិត្ត​​ទៅលើវិស័យ​​ពាណិជ្ជកម្ម​របស់ក្រុមហ៊ុនចិន​​មួយចំនួន​ជាពិសេស​គឺ Huawei ដោយក្នុងនោះ​​ប្រទេស​កាណាដា និង​អង់គ្លេសជាដើម បាន​បញ្ចេញ​ចំណាត់​ការនានា តបតាមការ​ចង់​បានរបស់​អាមេរិក​រួចទៅហើយ។ ក្រសួងការបរទេស​ចិន​ក៏បានសង្កត់ធ្ងន់​ផងដែរថា ការបង្កើត​ហេតុផល​ក្លែងក្លាយ ដើម្បីធ្វើទុកបុកម្នេញ​​លើសកម្មភាព​ពាណិជ្ជកម្ម​របស់ក្រុមហ៊ុន​ចិននោះ គឺជាទង្វើ​ដែលមិនទទួលយក​បាននោះ​ឡើយ៕