(វ៉ាស៊ីនតោន)៖ សារព័ត៌មាន​អាមេរិក The Wall Street Journal (WSJ) បានរាយការណ៍ថា មេដឹកនាំបក្ស​ប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសខ្លួន​លោកជា​ប្រធានាធិបតី​ស្តីទី​ នៃប្រទេសវេណេស៊ុយអេឡាហើយ បន្ទាប់ពីលោកបាន​ទទួលការហៅទូរស័ព្ទ​​ពី​សំណាក់​អនុប្រធានាធិបតី​អាមេរិក​ លោក ម៉ៃក៍ ភែន (Mike Pence) ដែលបានសន្យាផ្តល់​ការគាំទ្រ​របស់ទីក្រុង​វ៉ាស៊ីនតោន​​ យ៉ាងពេញទំហំដល់​​លោក Guaido។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

កាសែត WSJ ដែលយោង​លើប្រភពព័ត៌មានពី​មន្រ្តីជាន់ខ្ពស់​ម្នាក់ ក្នុងជួររដ្ឋាភិបាល​អាមេរិក បានឲ្យដឹងថា លោក Pence បាន​ធ្វើការ​សន្យាថា ​សេតវិមាននឹងគាំទ្រ​លោក Guaido ប្រសិនបើមេ​បក្សប្រឆាំងរូបនេះ​​ ព្រមដណ្តើមយកអំណាច​ដឹកនាំរដ្ឋាភិបាល​​​ពី​ប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ តាមរយៈការ​ប្រើមាត្រានៅក្នុងរដ្ឋធម្មនុញ្ញ​វេណេស៊ុយអេឡា។

ប្រភពដដែល​បានអះអាង​ថា ការហៅទូរស័ព្ទទាំង​កណ្តាលយប់ជ្រៅ​​របស់លោក Pence កាលពីថ្ងៃអង្គារ​កន្លងទៅ គឺជាផ្នែក​មួយ​នៃផែនការ​សម្ងាត់​ដែល​ទីក្រុងវ៉ាស៊ីនតោន​បានបង្កើត​ឡើងប៉ុន្មាន​សប្តាហ៍​កន្លងមក ដើម្បីប៉ុនប៉ង​​​ទម្លាក់​លោក ម៉ាឌូរ៉ូ ចេញ​ពីអំណាច និងទទួល​ស្គាល់​លោក Guaido ជាប្រធានាធិបតីស្តីទី​វេណេស៊ុយអេឡា។

មន្រ្តីអាមេរិកមិន​បានបញ្ចេញអត្តសញ្ញាណ​រូបនេះបាន​បន្តថា លោក ត្រាំ បានចាត់បញ្ចូល​វេណេស៊ុយអេឡា​​ ទៅក្នុង​អាទិភាព​​​គោលនយោបាយ​ការបរទេស​​ចម្បងទាំង ០៣​របស់លោក ដែលរួមមាននូវអ៊ីរ៉ង់ និង​កូរ៉េខាងជើង។ សម្រាប់​គម្រោង​​ទម្លាក់​លោក ម៉ាឌូរ៉ូ របស់​​សេតវិមានអាមេរិក មួយចំណែកត្រូវ​បានជំរុញ​ដោយ​​មន្រ្តីសំខាន់ៗ​នៅក្នុងក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ព្រមទាំង​ក្រុម​​អ្នកប្រឆាំង​នឹង​លោក ម៉ាឌូរ៉ូ នៅក្នុង​សភាអាមេរិក។

យោងតាម​ប្រភពខាងលើ កាលពីថ្ងៃទី១០ ខែមករា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជជែកគ្នាជាមួយ​​លោក Guaido និងបានសន្យា​ផ្តល់ការគាំទ្រ​របស់​សហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរក​អនាគត​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​​ សម្រាប់​ប្រទេស​វេណេស៊ុយអេឡា។ ក្រោយ​មកទៀត ក្រសួងការបរទេស​អាមេរិក​ក៏បានសេចក្តីថ្លែងការណ៍​ ពាក់ព័ន្ធនឹង​វេណេ​ស៊ុយអេឡា​ថា «វាដល់ពេល​ហើយដើម្បីចាប់​ផ្តើមការធ្វើអន្តរកាល​ប្រកបដោយសណ្តាប់ធ្នាប់ ទៅរកការបង្កើត​រដ្ឋាភិបាលថ្មី»

គួរជម្រាបថា វិបត្តិនយោបាយ​នៅវេណេស៊ុយអេឡា​ បានវិវឌ្ឍន៍ទៅជាតានតឹងខ្លាំង​ក្នុងសប្តាហ៍នេះ បានបន្ទាប់ពី​តុលាការ​កំពូលវេណេស៊ុយ​អេឡា​ដកហូត​​​តំណែង​ប្រធានរដ្ឋសភា​ពី​លោក Juan Guaido ហើយកាលពី​ថ្ងៃពុធកន្លងទៅ លោក Guaido បានប្រកាស​​​ខ្លួន​​ឯង​ជា​ប្រធានាធិបតី​ស្តីទី​​ នៃប្រទេសវេណេស៊ុយអេឡា ក្រោមការគាំទ្រ​ និង​ទទួលស្គាល់​​ពីសហដ្ឋអាមេរិក កាណាដា និង​សម្ព័ន្ធ​មិត្ត​អាមេរិក​​​​នៅ​​អាមេរិកឡាទីន។ ជាការឆ្លើយតប​ទីក្រុងការ៉ាកាស់ បានប្រកាសកាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​​​ទីក្រុងវ៉ាស៊ីនតោន​៕