(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានខាតបង់សេដ្ឋកិច្ច​យ៉ាងហោចណាស់​​ទំហំ​៦ពាន់លានដុល្លារ ដោយសារ​តែ​ការបិទទ្វារ​​រដ្ឋា​ភិបាល ដែលមាន​រយៈពេលយូរជាងគេ​បង្អស់ក្នុង​ប្រវត្តិសាស្រ្ត។ នេះបើតាម​​​ការវាយតម្លៃ​របស់​ក្រុមហ៊ុនហិរញ្ញវត្ថុ S&P Global Ratings ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

តួលេខ​ខាងលើនេះគឺខ្ពស់ជាង​​​ទឹកលុយ​ ៥.៧ពាន់លានដុល្លារ ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានទាមទារ​​​​សម្រាប់ការសាងសង់​ជញ្ជាំងព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ដែលជាដើមចម​នៃការបិទទ្វាររដ្ឋាភិបាល​​ទៅ​ទៀត​។ ការប៉ាន់ស្មាន​ចុង​ក្រោយបំផុតនេះ​​របស់​​ក្រុមហ៊ុន S&P Global Ratings ទៅលើទំហំ​ខាតបង់នៃសេដ្ឋកិច្ច​អាមេរិក​ គឺស្របទៅ​នឹង​ការព្យាករ​ណ៍របស់ក្រុមហ៊ុន​កាល​ពី​​សប្តាហ៍មុនដែរ។

គួរជម្រាបថា ក្រោយរយៈពេល ៣៥ថ្ងៃ ទីបំផុត​ការបិទទ្វារ​​មួយផ្នែកនៃរដ្ឋាភិបាល​​អាមេរិក​បានបញ្ចប់ទៅ​​ជាបណ្តោះអាសន្ន ​បន្ទាប់ពី​​លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើសេចក្តីព្រាងច្បាប់​​មួយ​នាថ្ងៃសុក្រ​សប្តាហ៍នេះ ដែលអនុញ្ញាត​ឲ្យរដ្ឋា​ភិ​បាល​បើកទ្វារ​ដំណើរការជាធម្មតា​ឡើងវិញ ​​បន្ទាប់​ពីវាបានឆ្លង​ផុត​ព្រឹទ្ធ​សភា​និងសភាតំណាង​រាស្រ្តអាមេរិក។ សេចក្តី​ព្រាង​​ច្បាប់​នេះ ផ្តល់ថវិកាទ្រទ្រង់​រដ្ឋាភិបាល​រហូតដល់​ថ្ងៃទី១៥ ខែ​កុម្ភៈ ដែលមានរយៈពេល ២១ថ្ងៃ ឬ ០៣សប្តាហ៍៕