(ញូយ៉ក)៖ ក្រុមអ្នកជំនាញ និងពាណិជ្ជករ​នៅ​សហរដ្ឋអាមេរិក​បានលើក​ឡើងថា សេដ្ឋកិច្ចអាមេរិក​នឹងមានកំណើន​ក្នុង​ល្បឿន​​យឺតជាងមុន ប៉ុន្តែទំនង​​ជាមិនអាចនឹង​ធ្លាក់ចូលទៅ​ក្នុងវិបត្តិឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

​ក្នុងចំណោមនោះ អ្នក​ជំនាញផ្នែកសេដ្ឋកិច្ច​ម្នាក់​ គឺលោក អាល់ប៊ឺត ប្រ៊ែនណឺ (Albert Brenner) បាននិយាយថា កំណើនសេដ្ឋកិច្ចខ្ពស់​នៅ​អាមេរិក កាលពីត្រីមាស​​ទី​ពីរ​ និងទីបី​ក្នុងឆ្នាំ២០១៨ គ្រាន់តែជា​ភាពមានសន្ទុះមួយភ្លែត​តែ​ប៉ុណ្ណោះ ហើយវានឹង​ថមថយល្បឿន​ទៅវិញ ក៏ប៉ុន្តែ​ការ​ព្រួយបារម្ភ​​នាពេលថ្មីៗនេះ ​អំពីការជួបវិបត្តិនៃសេដ្ឋកិច្ច​អាមេរិកធ្ងន់ធ្ងរនោះ មើលទៅហាក់ដូច​ជាពន្លើស​ខ្លាំងពេក។

គួរជម្រាបថា យោងតាម​លោក Brenner សេដ្ឋកិច្ចអាមេរិក​នឹងកើន​២.៦ភាគរយ​ក្នុងឆ្នាំ២០១៩, ២.២ភាគរយ​នៅឆ្នាំ២០២០ និង​​​​​ ២.‌១ភាគរយនៅឆ្នាំ២០២១។ អ្នកជំនាញរូបនេះ​បានបញ្ជាក់ទៀតថា ខណៈដែលកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលកំពុងតែ​ថមថយ​ល្បឿន​ក៏ដោយក្តី លោកជឿជាក់​ថា អត្រាកំណើនសេដ្ឋកិច្ច​នឹង​មិនមានការ​ធ្លាក់ចុះខ្លាំង​ក្លា​នោះ​ឡើយ៕