(ប៉េកាំង)៖ អ្នកវិទ្យាសាស្រ្ត​ចិនបានប្រកាសកាល​ពីសប្តាហ៍មុនថា គ្រាប់ពូជមួយ​ក្នុងចំណោមគ្រាប់​ពូជកប្បាស ដែលយាន​​អវកាស​ចិន Chang'e-4 បាននាំយក​ទៅដល់ផ្ទៃព្រះច័ន្ទកាល​ពីដើមខែនេះ គឺជារុក្ខជាតិ​ដំបូងបំផុតដែលបានដុះចេញ​ពន្លក​នៅ​​​ទីនោះ កំពុងតែបន្ត​ទាក់ទាញចំណាប់អារម្មណ៍​ផ្នែកវិទ្យាសាស្រ្ត​ជាខ្លាំង។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

ធុង​ដែកមួយ​​​ដែលយាន Chang'e-4 បានយកទៅជាមួយ​វា​មានផ្ទុកនូវ​​គ្រាប់ពូជ​កប្បាស ដំបូង​បារាំង រុក្ខជាតិ Rapeseed និង Arabidopsis ព្រមទាំង​​ពងសត្វរុយ និងមេផ្សិត​ដំបែមួយចំនួន ក្រោមគោលដៅ​​បង្កើតចេញបរិស្ថាន​ជីវៈចម្រុះសាមញ្ញ​តូចមួយ​។ ទោះបីជា​រុក្ខជាតិ​កប្បាសខាងលើបានងាប់​ទៅវិញភ្លាមៗ​ក៏ដោយ ការដុំចេញ​ជាពន្លកនេះ គឺជា​ការខិតខំប្រឹងប្រែង​ចុង​ក្រោយ​បំផុត​របស់​មនុស្ស ក្នុងការដាំដុះរុក្ខជាតិ​នៅក្រៅភពផែនដី ដែលជាកត្តា​ដ៏សំខាន់សម្រាប់បេសកកម្ម​រុករកនាថ្ងៃអនាគត​ ​ទៅ​កាន់​​តំបន់​ឆ្ងាយៗ​ទៀត​ក្នុង​ទីអវកាស។

ការដាំដុះរុក្ខជាតិ​នៅក្នុងលំហ​អវកាស ​មិនត្រឹមជា​មធ្យោបាយ​ដែលអាចទៅរួច​ដើម្បី​ផ្គត់ផ្គង់​ស្បៀងអាហារ​​ សម្រាប់ការធ្វើ​ដំណើរ​​រយៈពេលវែង​ក្នុងទីអវកាសឡើយ តែវាក៏ជា​វិធីសាស្រ្ត​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការរក្សា​សុខភាពផ្លូវចិត្ត​របស់​​​​អវកាសយានិក នៅក្នុងបរិស្ថាន​​ដែលបិទជិត​ និង​ឯកោផងដែរ។ ប៉ុន្តែការដាំដុះ​ពួកវានៅក្នុងទីអវកាស​មិនមែនជារឿងងាយៗនោះឡើយ។ ភាពសឹងតែគ្មាន​កម្លាំងទំនាញ​​ក្នុងលំហ​​ ធ្វើឲ្យ​អ្នក​​វិទ្យាសាស្រ្ត​ចាំបាច់ត្រូវតែ​ធ្វើការគ្រប់គ្រង​ឲ្យតឹងរ៉ឹង​​លើ​បរិស្ថាន​ដាំដុះ​របស់រុក្ខជាតិ ដោយរួមមាន​ទាំង​កម្រិត​​សីតុណ្ហភាព ​​កម្រិត​​សំណើម និងកម្រិត​​អាហារ​រូបត្ថម្ភ។

គួរជម្រាបថា កាលពី​ឆ្នាំ១៩៩៦ ក្រុមអវកាសយានិក​រុស្ស៊ីធ្លាប់បានព្យាយាម​ដាំស្រូវសាលី​ នៅលើស្ថានីយ​អវកាស Mir ខណៈ​នៅ​ឆ្នាំ២០១៤ ​ការពិសោធន៍​​មួយនៃការដាំ​ដុះ​បន្លែ ត្រូវបានធ្វើឡើង​នៅលើស្ថានីយអវកាស​អន្តរជាតិ ISS។ ប្រហែល​ជា​​មួយ​ឆ្នាំក្រោយ​មកទៀត ​អវកាសយានិក​នៅលើ ISS បានភ្លក្ស​រសជាតិសាឡាត់​ ដែលលូតលាស់នៅក្នុងទីអវកាស​ជាលើក​ដំបូង​។

រហូតដល់​ខែមករា ឆ្នាំ២០១៦ ក្រុមអវកាសយានិក​នៅលើស្ថានីយ ISS បានប្រកាសថា ពូជផ្កាម៉្យាងហៅថា Zinnia បានរីក​នៅទីនោះ។ ក្នុងឆ្នាំ២០១៦ ដូចគ្នា ស្រូវ និងរុក្ខជាតិ Arabidopsis បានដុះលូតលាស់​នៅលើមន្ទីរ​ពិសោធន៍អវកាស Tiangong-2 របស់ចិន។ ដោយឡែក​ការដាំដុះរុក្ខជាតិទាំង​អស់នេះ ត្រូវបានធ្វើឡើង​ក្នុងទីអវកាស​ពិតមែន ប៉ុន្តែនៅក្បែរ​គន្លង​របស់​ផែនដី។​

យ៉ាងណាមិញ ផ្លូវគឺនៅវែងឆ្ងាយ​ខ្លាំងទៀត ដើម្បីដល់ពេលដែលអាចឲ្យ​មនុស្ស​យើង​​ផលិត​ស្បៀងអាហារ​​​ក្នុងទីអវកាស សម្រាប់ការរស់​នៅរយៈពេល​វែងបាន។ អ្វីដែលសំខាន់​ជាងគេ​បំផុត គឺការធានាឲ្យបាន​ទាំងស្រុងថា ដំណាំនានា​​ដែល​ដាំដុះ​នៅក្នុង​លំហអវកាសអាច​បរិភោគ​​បាន​ដោយ​សុវត្ថិភាព ហើយ​បើពួកវាមាន​រសជាតិឆ្ងាញ់ថែមទៀតនោះ គឺកាន់​តែ​ល្អ​​៕