(រីយ៉ូ)៖ អាជ្ញាធរប្រេស៊ីល​​ទើបតែធ្វើការបញ្ជាក់​ព័ត៌មានបន្ថែមថា មនុស្សស្លាប់​​ក្នុង​ករណី​បាក់ទំនប់ទឹក​នៅតំបន់ជីករ៉ែមួយ​ក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) បានកើន​ឡើង​ដល់ជាង ៥០នាក់ហើយ​ ខណៈមនុស្សជាង ២០០នាក់ទៀត​​កំពុងបាត់ខ្លួន។ នេះបើតាម​ការ​ចេញផ្សាយដោយ​សារព័ត៌មាន The Guardian នាព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

ទំនប់ទឹកនៅ​តំបន់ជីករ៉ែក្នុងរដ្ឋខាង​លើនេះ ត្រូវបានគ្រប់គ្រង​ដោយក្រុមហ៊ុន​រុករករ៉ែ​មាន​ឈ្មោះថា វ៉ាល់ សា (Vale SA) បានបាក់កាល​ពីយប់ថ្ងៃសុក្រ (ពេលវេលា​នៅ​ប្រេស៊ីល) ខណៈដែល​មនុស្ស ៤២៧នាក់ កំពុងស្ថិត​នៅជុំវិញតំបន់​នោះ។ ក្រោយកើត​ហេតុ​មនុស្សជាង ៥០នាក់​ត្រូវបានអាជ្ញាធរ​ប្រេស៊ីលអះអាង​ថា​ បាត់បង់ជីវិត, ជាង១០០នាក់ត្រូវបានជួយ​សង្គ្រោះទាន់ពេល និងជាង​២០០នាក់ទៀតកំពុង​បាត់ខ្លួន។

គួរបញ្ជាក់ថា កាលពីដំបូង​ឡើយ​​សាកសព​មនុស្សតែ ០៣នាក់ប៉ុណ្ណោះ​​ត្រូវបានរកឃើញ ហើយក្រោយមក​ចំនួនបានកើនឡើងដល់០៧នាក់ និងតួលេខចុង​ក្រោយពេល​នេះ សាកសព​មនុស្ស​សរុបជាង ៥០នាក់ត្រូវបាន​រកឃើញ ដោយក្រុម​សង្គ្រោះ​មកពីទីក្រុង ប៊ែឡូ ហូរីសហ្សុនតេ (Belo Horizonte) នៃរដ្ឋ Minas Gerais។

ជុំវិញមូលហេតុ​ដែលបង្កឲ្យ​ទំនប់ទឹក នៃតំបន់ជីករ៉ែខាង​លើនេះត្រូវ​បាក់នោះ គឺមិន​ទាន់មាន​ការបញ្ជាក់​នោះឡើយ ព្រោះអាជ្ញាធរ​ប្រេស៊ីលកំពុងតែព្យាយាម​ស្វែងរកមនុស្ស​​បាត់ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន Vale SA អាចនឹងក្លាយ​ជាអ្នកទទួលខុសត្រូវ​ធំ ចំពោះគ្រោះមហន្តរាយនេះ។ ​ក្រុមហ៊ុននេះ​ត្រូវបាន​គេទទួលស្គាល់​ថា ជាក្រុមហ៊ុន​រុករករ៉ែធំ​បំផុតមួយទាំងនៅប្រេស៊ីល និងក្នុង​ពិភពលោក ដោយមាន​ការផលិតរ៉ែដែក និងនីកែល យ៉ាងច្រើនសន្ធឹកសន្ធាប់៕