(រីយ៉ូ)៖ យ៉ាងហោចណាស់មនុស្ស០៧នាក់បានបាត់បង់ជីវិត និង១៥០នាក់​ត្រូវបាន​អាជ្ញាធរ​ប្រេស៊ីលអះអាងថា កំពុង​បាត់​ខ្លួន​នៅ​ឡើយ បន្ទាប់ពីកើតមានករណីបាក់ទំនប់ទឹករបស់​​ក្រុមហ៊ុនជីករ៉ែមួយនៅក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) នា​យប់​ថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

អាជ្ញាធរប្រទេស​ប្រេស៊ីលបានបន្តទៀតថា ​មនុស្ស​ប្រមាណ១០០នាក់ក៏ត្រូវបាន​ជួយសង្រ្គោះផងដែរ។ ​បើតាមការ​បញ្ជាក់អះអាង​ពី​ក្រុមហ៊ុន​​ជីក​រ៉ែ Vale ក្នុងចំណោម​កម្មករ​សរុប​ចំនួន ​៤២៧នាក់ ដែលមានវត្តមាន​នៅទីតាំងទំនប់ទឹក​ខាងលើ​ប្រមាណ​ ១៥០នាក់​នៅ​តែ​មិន​ទាន់​​រក​ឃើញ​ថា នៅទីណាឲ្យប្រាកដ​នោះឡើយ។ មិនតែប៉ុណ្ណោះ ​ចំនួនអ្នក​បាត់ខ្លួនសរុប​អាច​នឹងកើនឡើងខ្ពស់ជាង​នេះ​​ថែម​ទៀត ព្រោះតែប្រជាជន​ក្នុងតំបន់ ប្រហែលអាច​រងការប៉ះពាល់​ដោយ​​ហេតុការណ៍នេះ។

គួរជម្រាបថា ទំនប់ទឹកខាងលើបាន​បាក់ស្រុតនៅតំបន់ ប្រ៊ូម៉ានឌីញ៉ូ (Brumadinho) ​ក្នុងរដ្ឋខាងលើ ហើយ​បណ្តាលឲ្យ​​មាន​​គ្រោះលំហូរល្បាប់ដីភក់​៕