(វ៉ាស៊ីនតោន)៖ អតីតមនុស្ស​ជំនិតរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ​ជាមួយ​លុយតម្កល់ ​​២៥០,០០០ដុល្លារ បន្ទាប់ពីរូបលោក​ត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួន​កាលពី​ថ្ងៃសុក្រសប្តាហ៍នេះ ជុំវិញ​សំណុំរឿង​រុស្ស៊ី​លូកដៃចូល​កិច្ចការ​បោះឆ្នោតអាមេរិក​ កាលពីចុងឆ្នាំ២០១៦។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន New York Post នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។

បើតាមក្រសួងយុត្តិធម៌​អាមេរិក លោក Stone កំពុងប្រឈមមុខ​ជាមួយបទចោទប្រកាន់សរុបចំនួន ០៧ករណី ដែល​រួម​មាន​​ដូចជា ១ករណី​ទាក់ទងនឹង​ការ​​បង្កភាពរាំងស្ទះដល់​ការអនុវត្តន៍ច្បាប់ ០៥ករណីពាក់ព័ន្ធនឹង​ការផ្តល់​សេចក្តី​ថ្លែង​ការណ៍​មិនពិត និង​ ១ករណីទៀត​ទាក់ទិន​​នឹង​​ការ​​​រារាំងមិនឲ្យ​​​សាក្សី​ផ្តល់សក្ខីកម្ម។

គួរជម្រាបថា លោក Roger Stone បានចូលបង្ហាញ​ខ្លួនជាដៃជាប់ខ្នោះ ​នៅប៉ុន្មានម៉ោងក្រោយការចាប់ខ្លូន នៅតុលាការ​សហ​ព័ន្ធ​ក្នុង​ទីក្រុង ហ្វត ឡូដឺដាល (Fort Lauderdale) នៃរដ្ឋផ្លូរីដា ខណៈសម្រាប់​ការដោះលែង​ឲ្យនៅក្រៅ​ឃុំនេះ ការធ្វើដំណើរ​របស់លោក​​ក៏​ត្រូវ​​បាន​ដាក់កំហិត​ផងដែរ។ លោក Stone ធ្លាប់កាន់តួនាទី​នៅក្នុងក្រុមយុទ្ធនាការ​​បោះឆ្នោត​របស់លោក ដូណាល់ ត្រាំ រហូត​ដល់​ខែសីហា ឆ្នាំ២០១៥ នៅពេលលោក​បានដកខ្លួនចេញ​យ៉ាងទាន់ហន់​ដោយសាររឿង​ចម្រូងចម្រាស​មួយ ប៉ុន្តែលោក​បាន​​នៅ​តែ​បន្ត​​ទីប្រឹក្សាក្រៅផ្លូវ​ការ​​​របស់លោក ត្រាំ​ ដដែល៕