(ហ្សាការតា)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា គ្រោះទឹកជំនន់ បំណាក់ដី និង​ខ្យល់កួច​​​នៅតាមតំបន់ភាគកណ្តាលនៃផ្ទៃប្រទេស​បានសម្លាប់ជីវិតមនុស្ស​៥៩នាក់ ខណៈដែលប្រតិបត្តិរុករកនិងជម្លៀសខ្លួន​មនុស្សនៅ​​​តែ​បន្តប្រព្រឹត្តទៅ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

មនុស្ស​សរុប​ចំនួន២៥នាក់​បានបាត់ខ្លួន និង​ប្រមាណជា៤៧នាក់បានរងរបួស បន្ទាប់ពីការធ្លាក់ភ្លៀង​ជោគជាំ​បាន​បង្កឲ្យ​​ទំនប់​ទឹកមួយកន្លែងជន់លិច​​ស្រុកចំនួន​១៣ នៃ​ខេត្តស៊ូឡាវេស៊ី​ខាងត្បូង​កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ជាមួយគ្នានេះ​គ្រោះ​បំណាក់ដី​និងខ្យល់កួច ក៏បានបង្ខំឲ្យមនុស្ស​​៣,៤៨១នាក់ជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីជ្រកកោននៅទីសុវត្ថិភាពផងដែរ បន្ទាប់ពី​ផ្ទះ​សម្បែង​​៧៩ខ្នង ស្ពាន​១០​ខ្សែ​ សាលារៀន​២២ខ្នង និងអគារ​រដ្ឋាភិបាល​ចំនួន០៦ ត្រូវបានបំផ្លិចបំផ្លាញ។

គួរជម្រាបថា តំបន់ដែលរងការវាយលុកពីគ្រោះធម្មជាតិ​ធ្ងន់ធ្ងរជាងគេ គឺស្រុក Gowa ដែលគេរកឃើញសាកសពមនុស្សស្លាប់​ដល់ទៅ​៤៤នាក់នៅទីនោះ៕​