(វ៉ាស៊ីនតោន)៖ លោក Roger Stone ដែលជាអតីត​មនុស្សជំនិតនិង​ជាទីប្រឹក្សារបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួននៅក្នុងគេហដ្ឋានរបស់លោកនៅក្នុងរដ្ឋផ្លូរីដានាថ្ងៃសុក្រនេះ ​​ក្រោមក្របខណ្ឌនៃការស៊ើប​អង្កេត​​របស់រដ្ឋអាជ្ញាពិសេសអាមេរិកទៅលើ​រឿងអាស្រូវដែលថា អាច​មានការឃុបឃិតគ្នា​រវាង​ក្រុមយុទ្ធនាការបោះឆ្នោត​របស់​លោក ត្រាំ​និង​រដ្ឋាភិបាល​រុស្ស៊ី នៅមុនការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក​កាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីវែបសាយ Bloomberg នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

បើតាមក្រសួងយុត្តិធម៌អាមេរិកនាពេលនេះ​ លោក Stone កំពុងប្រឈមមុខជាមួយបទចោទប្រកាន់សរុបចំនួន៧ករណី ដែល​រួម​មាន​ដូចជា ១ករណី​ទាក់ទងនឹង​ការ​បង្កភាពរាំងស្ទះដល់ការអនុវត្តន៍ច្បាប់ ៥ករណីពាក់ព័ន្ធនឹងការផ្តល់​សេចក្តី​ថ្លែង​ការណ៍​មិនពិត និង​ ១ករណីទៀត​ទាក់ទិន​​នឹង​ការ​​​រារាំងមិនឲ្យ​​​សាក្សីផ្តល់សក្ខីកម្ម។

គួរជម្រាបថា លោក Roger Stone នឹងចូលបង្ហាញខ្លួនជាជំហានដំបូង ​ក្នុងពេលប៉ុន្មានម៉ោងខាងមុខ នៅឯ​តុលាការសហព័ន្ធ​ក្នុង​ទីក្រុង Fort Lauderdale នៃរដ្ឋផ្លូរីដា។ លោក Stone ​ធ្លាប់កាន់តួនាទីនៅក្នុងក្រុមយុទ្ធនាការ​បោះឆ្នោត​របស់លោក ដូណាល់ ត្រាំ រហូតដល់ខែសីហា ឆ្នាំ២០១៥ នៅពេលលោកបានដកខ្លួនចេញយ៉ាងទាន់ហន់ ប៉ុន្តែលោកបាននៅតែបន្ត​ទីប្រឹក្សាក្រៅផ្លូវ​ការ​​របស់លោក ត្រាំ​ ដដែល៕