(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក​បានឱ្យដឹងថា មនុស្ស០៤នាក់​បានស្លាប់ និងម្នាក់រងរបួស​នៅក្នុងហេតុការណ៍បាញ់​ប្រហារ​មួយនៅឯរដ្ឋ ហ្សកហ្ស៊ី (Georgia)។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

យោងតាម​មន្ត្រីប៉ូលិសអាមេរិក ហេតុការណ៍បាញ់​ប្រហារខាងលើ​បានកើតឡើង​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ក្នុងទីក្រុង រ៉ុកម៉ាត (Rockmart) ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រពី​ទីក្រុង អាត្លេនតា (Atlanta)។ ប៉ុន្តែភ្លាមៗ​អត្តសញ្ញាណ និងដើមហេតុនៃករណី​បាញ់ប្រហារនេះមិនទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើប​អង្កេតកំពុង​ធ្វើឡើង។

គួរបញ្ជាក់ថា បើតាមព័ត៌មាន​មួយចំនួនហេតុការណ៍បាញ់​ប្រហារនេះអាច​មានជាប់ពាក់ព័ន្ធនឹង​គ្រឿងញៀន ហើយកាលពី​ដំបូង​ឡើយប៉ូលិសអាមេរិក​បានអះអាងថា មនុស្សតែ០២នាក់ប៉ុណ្ណោះរងរបួស តែក្រោយមកទើបមានការបញ្ជាក់ជាថ្មីថា​ មនុស្សរហូតដល់០៤នាក់បានស្លាប់ និងម្នាក់ទៀត​រងរបួស៕