(វ៉ាស៊ីនតោន)៖ អ្នកវិភាគម្នាក់បានលើកឡើងថា ការបង្កើតមូលដ្ឋាន​យោធាថ្មីនៅ​លើកោះអូគីណាវ៉ា​ប្រទេសជប៉ុន នឹង​ជះ​ផល​អវិជ្ជមាន​ដល់​កិច្ចប្រឹងប្រែងរបស់​ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាម​ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយចិន និងលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ​ចេញពី​កូរ៉េខាងជើង។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នា​រសៀល​​ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

លោក រ៉ូប៊ឺត កាជីវ៉ារ៉ា (Robert Kajiwara) ដែលជាសកម្មជន​ការពារសិទ្ធិមនុស្សមួយរូប​ផងដែរនោះ ធ្លាប់បាន​សរសេរ​លិខិត​ចំហ​មួយ​ដើម្បីស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បញ្ឈប់ដំណើរការ​សាងសង់បន្ទាយ​កងទ័ព​ថ្មីនៅ​​សង្កាត់ ហេណូកុ (Henoko) នៃក្រុង ណាហ្គោ (Nago) លើកោះអូគីណាវ៉ា។ លោក Kajiwara បាននិយាយថា វត្តមានមូលដ្ឋាន​យោធា​អាមេរិក​ថ្មីនៅជប៉ុន នឹងអាចបំផ្លាញ​យុទ្ធសាស្រ្ត​ផ្នែកការ​ទូ​ត​​​​របស់ ត្រាំ ជាមួយចិន​ និងកូរ៉េខាងជើង ដោយសារវានឹង​បង្កើន​ភាពតានតឹង​នៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អ្នកវិភាគរូបនេះ​​បន្តបកស្រាយ​យ៉ាងដូច្នេះថា «​គ្មានប្រទេស​ណាចង់ឲ្យ​មូលដ្ឋានយោធា​របស់ប្រទេសជាគូប្រជែង ​​ស្ថិតនៅ​ក្បែរ​​ព្រំដែនរបស់ពួកគេ​ឡើយ។ ម៉្យាងវិញទៀត មូលដ្ឋានទ័ព​ទាំងនេះ​​គ្មានជួយអ្វីបានក្រៅតែពី​ជំរុញ​ឲ្យចិន និង​កូរ៉េខាងជើង​ចាយ​លុយកាន់​ច្រើនរាប់ពាន់​លានដុល្លារ ទៅលើការពង្រឹង​វិស័យយោធា​ការពារជាតិ​​ប៉ុណ្ណោះ។ ក្រៅពីនេះ​ប្រសិនបើ​​មានជម្លោះ​​ផ្ទុះ​ឡើង បន្ទាយយោធា​អាមេរិកនៅ​ជប៉ុន អាចត្រូវ​ចិន ឬ​​កូរ៉េខាងជើង​វាយកម្ទេច​បានយ៉ាងងាយ ក្នុងពេល​​ត្រឹមតែ​​ប៉ុន្មាននាទី»

គួរជម្រាបថា កោះ​ភាគខាងត្បូង​ជប៉ុន «អូគីណាវ៉ា» ដែលស្មើនឹង ០.៦ភាគរយ​នៃដែនដី​ជប៉ុនទាំងមូល ជាជម្រករបស់​បន្ទាយ​យោធា​​​អាមេរិក​​ជាង ៣០ទីតាំង ជាមួយវត្តមាន​ទ័ព​ប្រមាណ ២៥,០០០នាក់។ បើតាម​រដ្ឋាភិបាល​ជប៉ុន វត្តមានយោធា​អាមេរិក​គឺជា​រឿង​ចាំបាច់​ ​ដើម្បីធានា​ការពារសន្តិសុខ​​របស់​​​ប្រទេសអាស៊ី​ខាងកើតនេះ។ ប៉ុន្តែប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ក៏មាន​ចលនា​​ធ្វើ​បាតុកម្ម​ធំៗ​​ កំពុង​បន្តកើតឡើង​នៅលើកោះអូគីណាវ៉ា​ផងដែរ ដែលប្រឆាំងនឹង​វត្តមានរបស់យោធា​អាមេរិកនៅ​ទីនោះ៕