​(អង់ការ៉ា)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ត្រង់ៗថា កំពុងគាំទ្រឱ្យ មានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​របស់លោក។ ប៉ុន្តែ​ការចោទប្រកាន់​បែបនេះ មិនទើបតែកើត​ឡើងនោះទេ ពោលគឺវាបាន​កើតមាន​តាំងតែ​ពី​សម័យ​អតីតប្រធានាធិបតី​វេណេស៊ុយអេឡា លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) កាលពីឆ្នាំ២០០២ ហើយ​អាមេរិកផ្ទាល់ ក៏ធ្លាប់មាន​ប្រវត្តិគាំទ្ររដ្ឋប្រហារ នៅតាម​បណ្ដា​ប្រទេស​ជាច្រើនទូទាំងពិភពលោកទាំងនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអឺរ៉ុបផងដែរ។

កាលពី២០០២ ទីក្រុងវ៉ាស៊ីនតោន​​ត្រូវបានគេចោទ​​ប្រកាន់ថា ចូលរួមក្នុង​​ការព្យាយាម​ធ្វើរដ្ឋប្រហារទម្លាក់​អតីត​ប្រធានាធិបតី​វេណេ​ស៊ុយអេឡា​លោក Hugo Chavez (ស្លាប់) កាលពី​ឆ្នាំ២០០២។ លើសពី​នេះទៀត អតីត​ប្រធានាធិបតី​អាមេរិកលោក ជីមមី ខាធើ (Jimmy Carter) ក៏ធ្លាប់បាននិយាយ​ដែរអំពីលទ្ធភាពគាំទ្ររដ្ឋប្រហារនេះ​ដឹកនាំដោយ CIA ​ក្រោម​អតីតរដ្ឋបាលលោក​ប្រធានាធិបតី ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush)។

* ការគ្រប់គ្រង​របស់សហរដ្ឋអាមេរិក​នៅហៃទី (អាមេរិកកណ្តាល)

សហរដ្ឋអាមេរិកបាន​​ផ្ដល់ហិរញ្ញវត្ថុដល់​រដ្ឋាភិបាលដែលខ្លួន​ បង្កើតឡើងពីឆ្នាំ១៩១៥ ដល់​ឆ្នាំ១៩៣៤។ រដ្ឋាភិបាល​នេះបាន​លុបចោលកម្មសិទ្ធិ​របស់ជនបរទេស រហូតដល់​បង្កជាជម្លោះនាំ​មានមនុស្សស្លាប់​ជាច្រើននាក់ និងបំផ្លាញការអភិវឌ្ឍ​នៅក្នុងប្រទេស​ដែនកោះដ៏តូច​មួយនេះ។

សាធារណរដ្ឋចេក ‘Banana Republics នៅក្នុងតំបន់អាមេរិកឡាទីន Latin America
នៅចុងស.វទី១៩ និងនៅ​​ដើមស.វទី២០ ក្រុមហ៊ុនលក់ផ្លែឈើ Fruit Company មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បានគ្រប់គ្រង​លើពាណិជ្ជ​កម្មផ្លែចេក និងមានអំណាច​នយោបាយនៅក្នុងប្រទេស​ហ្គាតេម៉ាឡា និងហុងដូរ៉ាស់។ ក្រុមហ៊ុនមួយនេះ​ត្រូវបានគេចោទថា បាន ដើរតួនាទីយ៉ាង​សំខាន់ក្នុងការគាំទ្រ​រដ្ឋប្រហារ​យោធា នៅឯប្រទេសហ្គាតេម៉ាឡា​ក្នុងឆ្នាំ១៩៥៤ ក្រោមការបញ្ជា​ដោយផ្ទាល់ពី CIA អាមេរិក។

ប៉ុន្តែក្រោយ​មកទៀតអ្វីដែលសំខាន់​ ដោយសារតែ​បណ្ដាប្រទេសទាំងនេះពឹងផ្អែកលើ​សហរដ្ឋអាមេរិក និងខ្វះសេរីភាព​ខាងនយោបាយ ព្រមទាំង​សេដ្ឋកិច្ច ពួកគេបែរជាត្រូវ​គេហៅថា Banana Republics ដែលមានន័យ​ក្នុងភាសា​នយោបាយថា ជាប្រទេសគ្មានស្ថេរភាពនយោបាយ រីឯសេដ្ឋកិច្ចពឹង​ផ្អែកតែទៅលើការនាំ​ចេញផ្លែឈើ និងការវិនយោគ​ពីបរទេស។ មកទល់ពេលនេះ​សហរដ្ឋអាមេរិក ​នៅតែបន្តមានឥទ្ធិពល​លើបណ្ដាប្រទេស​ទាំងនេះ ខណៈមានមូល​យោធាអាមេរិកមួយ នៅក្នុង​ប្រទេស​ហុងដូរ៉ាស់។

* រដ្ឋប្រហារនៅ​អ៊ីរ៉ង់ឆ្នាំ១៩៥៣ (មជ្ឈិមបូព៌ា)

ឡើងកាន់អំណាច​បានត្រឹមរយៈពេល ០២ឆ្នាំ អតីតនាយករដ្ឋមន្ត្រី​អ៊ីរ៉ង់ លោក Mohammad Mosaddegh​ ត្រូវបានគេ​ទម្លាក់ចេញ​ពីតំណែងនៅឆ្នាំ១៩៥៣។ ម្យ៉ាងវិញទៀត ការទម្លាក់លោក​ចេញពីតំណែង​នេះ កើតមានឡើង​បន្ទាប់ពីលោក​បានប្រកាសពី​គម្រោងធ្វើតូបនីយកម្មនៃឧស្សហកម្មប្រេង​អ៊ីរ៉ង់ ហើយ CIA ទើបបាន​សារភាពថា ខ្លួនបានចូលរួមក្នុងរដ្ឋប្រហារ​ទម្លាក់​លោក Mosaddegh កាលពីឆ្នាំ២០១៣ កន្លងទៅ។

ផលប៉ះពាល់កើត​ចេញពីរដ្ឋប្រហារនេះ គឺបង្កជាការធ្វើ​បដិវត្តន៍ផ្ដួលរំលំរបប​រាជានិយមអ៊ីរ៉ង់​នៅឆ្នាំ១៩៧៩។ បន្ថែមពី​លើនេះ បើតាមក្រសួង​ការពារជាតិ​អាមេរិកមួយ ក៏បានបង្ហាញ​ដែរពីការគាំទ្រ​ការធ្វើរដ្ឋប្រហារ​ ប្រឆាំងនឹងមេដឹកនាំ​វៀតណាម​ខាងជើង លោក Ngo Dinh Diem។ លោក Diem និងបងប្អូន​ប្រុសរបស់លោក​ ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋប្រហារ​យោធា​ឆ្នាំ១៩៦៣ ដែល បានដុត​បញ្ឆេះទៅ​ជាសង្រ្គាម​វៀតណាម។

* ប្រទេសឈីលី (អាមេរិកឡាទីន)

ប្រធានាធិបតីកាន់លទ្ធិម៉ាក្សនិយមដំបូងគេ​របស់ឈីលី និងនៅក្នុងតំបន់​អាមេរិកឡាទីន លោក Salvador Allende​ ត្រូវបាន​ទម្លាក់ចេញ​ពីតំណែង​ដោយអតីត​ឧត្ដមសេនីយ លោក Alberto Pinochet គាំទ្រដោយ​សហរដ្ឋអាមេរិក​នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៣។ ប៉ុន្តែនៅពេល​បានឡើងកាន់អំណាច​ជាង ២៧ឆ្នាំ លោក Pinochet បែរជាដឹកនាំ​ប្រទេសតាមរបៀបផ្ដាច់ការ និងកណ្ដាប់​ដៃដែក​ទៅវិញ ខណៈអ្នកគាំទ្រ​បក្សប្រឆាំង​ច្រើនជាង ៣២,០០នាក់​បានស្លាប់ និងច្រើនជាង ៣០,០០០នាក់​ត្រូវចាប់ខ្លួន។ តែរហូតដល់​ឆ្នាំ២០០០ ទើប CIA បញ្ចេញេកសារ​មួយស្ដីពីរដ្ឋប្រហារនេះ​ ក្រោមការសម្របសម្រួល​រវាងយោធា​ឈីលី និង CIA។

* ប្រទេសអេហ្ស៊ីប (អាហ្វ្រិកខាងជើង - មជ្ឈិមបូព៌ា)

អតីតប្រធានាធិបតី​អេហ្ស៊ីប លោក Mohamed Morsi ដែលឡើង​កាន់អំណាចបានត្រឹម​តែមួយឆ្នាំ ក៏ត្រូវបានគេធ្វើរដ្ឋប្រហារ យោធាទម្លាក់​ចេញពីអំណាច​នៅឆ្នាំ២០១៣ ដោយមានការ​បញ្ជាដោយផ្ទាល់​ពីប្រធានាធិបតីអេហ្ស៊ីប​បច្ចុប្បន្ន លោក Abdel Fattah el-Sisi។ ប៉ុន្តែ​ក្រោយមកទៀត អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry បានលើក​ឡើងថា អ្វីដែលកងទ័ព​អេហ្ស៊ីបបាន​ធ្វើគឺដើម្បីស្ដារ​លិទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដែលនេះត្រូវ​បានគេឃើញថា ជាចេតនាគាំទ្រ​រដ្ឋប្រហារនៅ​អេហ្ស៊ីប។

* រដ្ឋប្រហារនៅតួកគី (អឺរ៉ុប-អាស៊ីខាងលិច)

ក្រុមប្រឹក្សាសន្តិសុខជាតិតួកគី ដឹកនាំដោយប្រធាន​អគ្គសេនាធិការយោធា លោក Kenan Evren បានប្រកាធ្វើ​រដ្ឋប្រហារនៅ​តួកគី នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨០។ នៅពេល​នោះដែរ អតីត CIA នៅតួកគី លោក Paul Henze ត្រូវបាន​គេរាយការណ៍​ថា បានប្រាប់​អតីតប្រធានាធិបតី​អាមេរិក លោក Jimmy Carter យ៉ាងដូច្នេះថា «ក្មេង​ប្រុសរបស់យើង​សម្រេចកិច្ចការ​បានជោគជ័យ​ហើយ»

រហូតដល់​ឆ្នាំ២០១៦ តួកគីបានជួបការធ្វើ​រដ្ឋប្រហារយោធា​ជាថ្មីម្ដងទៀត តែត្រូវបរាជ័យ។ រីឯអតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា មិនបានចេញ​មុខថ្កោលទោស​រដ្ឋប្រហានេះ​ ដែលផ្ដាច់ជីវិតមនុស្ស ២៥១នាក់នោះឡើយ ជាហេតុធ្វើឱ្យ​រដ្ឋាភិបាល​ទីក្រុងអង់ការ៉ា​ចោទថា សហរដ្ឋអាមេរិកអាច​មានជាប់​ពាក់ព័ន្ធនឹងទង្វើរដ្ឋប្រហារនោះ។

* អ្វីកំពុង​កើតឡើង​នៅវេណេស៊ុយអេឡា (អាមេរិកឡាទីន)

រដ្ឋបាល​ប្រធានាធិបតីអាមេរិក​បច្ចុបន្នលោក ដូណាល់ ត្រាំ បាន​ប្រកាសគាំទ្រ​​មេបក្សប្រឆាំង​នៅប្រទេសនេះ​ឲ្យធ្វើជា​ប្រធានាធិបតី ជំនួសឲ្យ​លោក ម៉ាឌូរ៉ូ ដែលបាន​ជាប់ឆ្នោត និងទើប​ស្បថឡើងកាន់​តំណែង។ មិនត្រឹមតែប៉ុណ្ណោះ​បណ្តាសម្ព័ន្ធមិត្តធំៗ​របស់អាមេរិក​នៅអឺរ៉ុប និង​អាមេរិកឡាទីន​ផងដែរ សុទ្ធតែបានបន្លឺ​សំឡេងគាំទ្រតាម​ក្រោយ ដែលប្រការនេះ​ត្រូវ​បាន​ប្រទេស​ផ្សេងៗ​ទៀត​ដែលកំពុងគាំទ្រ​រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចោទថា សហរដ្ឋអាមេរិក​កំពុងគាំទ្រ​ចេតនា​​ធ្វើរដ្ឋប្រហារនៅ​វេណេស៊ុយអេឡា យ៉ាង​ពិតប្រាកដ៕

ប្រភព៖ សារព័ត៌មានតួកគី Anadolu (ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩)