(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​អាមេរិក​​គួរតែជៀសវាង​​​ ការចូលលូកដៃ​ពាក់ព័ន្ធ​ការបំផ្ទុះឲ្យ​ធ្វើរដ្ឋប្រហារ ឬក៏ផ្តល់គាំទ្រ​ឲ្យមានការ​ផ្លាស់ប្តូររបបដឹកនាំ​នៅប្រទេស​វេណេស៊ុយអេឡា ពោលគឺកុំឲ្យដើរ​តាមប្រវត្តិសាស្រ្ត​ច្រំដែល​ នៅឯតំបន់​អាមេរិកខាងត្បូង។ នេះបើតាមការ​ព្រមានរបស់​ព្រឹទ្ធសមាជិក​អាមេរិក លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ​ដកស្រង់​សម្តីដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

លោក Sanders បានលើក​ឡើងយ៉ាង​ដូច្នេះថា «សហរដ្ឋអាមេរិក​គួរតែគាំទ្រ​​នីតិរដ្ឋ តម្លាភាពនៃ​ការបោះឆ្នោត និង​សិទ្ធិស្វ័យ​​សម្រេចចិត្តរបស់​ប្រជាជន​វេណេស៊ុយអេឡា ហើយយើង​ត្រូវរៀនសូត្រ​ពីមេរៀន​កាលពីអតីតកាល និងមិនត្រូវ​ទៅ​ជាប់ជំពាក់​ជំពិន​​ក្នុងការផ្លាស់​ប្តូរបបដឹកនាំ ឬ​ក៏ការគាំទ្រ​​ឲ្យ​មាន​រដ្ឋប្រហារ ដូចដែលយើង​បានធ្វើនៅឈីលី ហ្គាតេម៉ាឡា ប្រេស៊ីល និង​សាធារណរដ្ឋដូមេនីក​ឡើយ។ និយាយរួម​សហរដ្ឋអាមេរិក​មានប្រវត្តិវែង​អន្លាយខ្លាំងណាស់ អំពីការ​ចូលលូក​ដៃដោយ​មិន​​​ត្រឹមត្រូវ នៅតាម​បណ្តា​ប្រទេស​អាមេរិកឡាទីន ដូច្នេះហើយ​ពួកយើងមិនត្រូវដើរ​លើផ្លូវនេះម្តង​ទៀត​ឡើយ»

គួរជម្រាបថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានចេញមុខ​ទទួលស្គាល់​ប្រធានសភា​វេណេស៊ុយអេឡា និង​​ជាមេបក្ស​​ប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) ជា​ប្រធានាធិបតីស្តីទី​នៃប្រទេសនេះ​ និងបានទទូច​ឲ្យ​លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង​ដើម្បី​បើកផ្លូវឲ្យ​លោក Guaido ឡើងដឹកនាំ​ជំនួសវិញ។ ជាការ​ឆ្លើយតប លោក ម៉ាឌូរ៉ូ បាន​​ប្រកាស​កាត់ផ្តាច់ទំនាក់ទំនង​​ចោល​​ជាមួយ​​សហរដ្ឋ​អាមេរិក ខណៈស្ថានការណ៍​ជារួមនៅក្នុងប្រទេសនេះ កំពុងស្ថិត​ក្នុងភាពផុយស្រួយ​បំផុត៕​