(សាន់ហ្វ្រាន់ស៊ីស្កូ)៖ កម្មវិធីកុំព្យូរទ័រ​​សម្រាប់ការងារ​រដ្ឋបាល Microsoft Office 365 ​​បានបង្ហាញខ្លួនជា​លើកដំបូង​នៅ​​លើ​កម្មវីធី​ App Store ​នៃប្រភេទ​កុំព្យូទ័រ Mac របស់​ក្រុមហ៊ុន Apple។ នេះបើតាមសេចក្តី​ប្រកាសរបស់​​ក្រុមហ៊ុន Apple ដកស្រង់​ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

ក្រុមហ៊ុន Apple បានឲ្យដឹង​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះថា អ្នកប្រើប្រាស់​​នាពេលនេះអាច​ទិញ Subscription សម្រាប់​​កម្មវិធី Office 365 ដែលរួមមាន​នូវកម្មវិធីសំខាន់ៗ​សម្រាប់ការងារ​រដ្ឋបាលដូចជា Word, PowerPoint, និង Excel ដែលមាន​​ការពេញ​និយមនៅ​លើកុំព្យូទ័រដំណើរការ​ដោយ​ប្រព័ន្ធ Windows របស់ក្រុមហ៊ុន Microsoft តាម​រយៈ​កម្មវិធី App Store របស់​កុំព្យូទ័រ​ Mac បាន​​ហើយ។

គួរជម្រាបថា បើតាម Apple និង Microsoft កម្មវិធី Office 365 នៅលើ App Store ត្រូវបានរចនាឡើង​​ជាពិសេស​​​ ដើម្បីផ្តល់​បទ​ពិសោធន៍​ល្អ​ប្រសើរ​បំផុត​​សម្រាប់អ្នក​ប្រើប្រាស់កុំព្យូទ័រ Mac។ ​ការមក​ដល់នៃ Office 365 នៅលើ​​កម្មវិធី App Store ហាក់ដូច​​មានភាពយឺតយ៉ាវ​បន្តិច ព្រោះកាលពី​ឆ្នាំមុន Apple ធ្លាប់បាន​សន្យាថា Office 365 នឹង​បង្ហាញវត្តមាន​នៅចុង​ឆ្នាំ២០១៨ តបតាម​ការទទូចរបស់អ្នកប្រើប្រាស់ Mac ជាច្រើន៕