(ការ៉ាកាស់)៖ ក្រសួងការបរទេស​អាមេរិក​បានបញ្ជាឱ្យបុគ្គលិកទូត​របស់ខ្លួនមួយ​ចំនួន និងពលរដ្ឋអាមេរិក​ដែលកំពុងស្ថិត​នៅក្នុងប្រទេស​វេណេស៊ុយអេឡា ​ចាកចេញពី​ប្រទេស​នេះជាបន្ទាន់ ខណៈទំនាក់ទំនង​ការទូតរវាងប្រទេស​ទាំងពីរ​ត្រូវបាន​កាត់ផ្ដាច់ ដោយពេលនេះ​ពួកគេ​បានចាប់ផ្តើម​ចាកចេញជា​បណ្តើរៗហើយ។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃពុធ​កន្លងទៅ ក្រោយសហរដ្ឋអាមេរិក​ប្រកាសទទួលស្គាល់មេបក្ស​ប្រឆាំងលោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទី​វេណេស៊ុយអេឡា​ស្របច្បាប់ លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រកាស​ផ្ដាច់ទំនាក់ទំនងការទូត​ជាមួយទីក្រុង​វ៉ាស៊ីនតោន និងទុក​ពេលឱ្យមន្ត្រីទូតអាមេរិក ៧២ម៉ោង​ចាកចេញពីប្រទេស។ លើសពីនេះ​ទៅទៀត លោក ម៉ាឌូរ៉ូ ក៏បានសម្រេច​ចិត្តបិទ​ស្ថានទូត និងស្ថានកុងស៊ុល​វេណេស៊ុយអេឡា​ទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក​ផងដែរ។

ព្រមពេលជាមួយគ្នា​រដ្ឋមន្ត្រីការបរទេស​​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានទាត់ចោល​ការបណ្ដេញមន្ត្រីអាមេរិក​របស់លោក ម៉ាឌូរ៉ូ ដោយអះអាងថា ប្រធានាធិបតី វេណេស៊ុយអេឡា​រូបនេះ មិនមានអំណាច​អ្វីក្នុងការសម្រេចចិត្តណា​មួយទៀតនោះទេ ហើយថាមន្ត្រី​ទូតអាមេរិកដែលលោក ម៉ាឌូរ៉ូ បានទុកពេល ៧២ម៉ោងឱ្យចាកចេញពីប្រទេស ក៏មិនចាំបាច់​គោរពតាមការចង្អុល​បង្ហាញរបស់​លោកនោះដែរ។

ប៉ុន្តែ​រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទើបក្រសួងការបរទេស​អាមេរិក បានប្រកាសភ្លាមៗ​ឱ្យមន្ត្រីទូតរបស់ខ្លួន​នៅក្នុងប្រទេស វេណេស៊ុយអេឡា​ដែលគ្មានការងារ​ចាំបាច់​ ចាកចេញ​ពីប្រទេស​មួយនេះ និងថែមទាំង​បានផ្ដល់យោបល់​ឱ្យពលរដ្ឋអាមេរិក ទំាងអស់ធ្វើ​ដូចគ្នានេះ​ដែរ។

គួរបញ្ជាក់ថា បើតាមអង្គការសង្គម​ស៊ីវិលក្នុងប្រទេស​វេណេស៊ុយអេឡា មនុស្សយ៉ាងហោច​ណាស់ ១៤នាក់ ត្រូវបានបាញ់​សម្លាប់​នៅក្នុងបាតុកម្មតវ៉ា​ប្រឆាំងនឹងលោក ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាព​នៅតាមដងវិថីនានា​ក្នុងទីក្រុង ការ៉ាកាស់ហាក់ដូចជា​ស្ងប់ស្ងាត់បន្តិច​ឡើងវិញ ដោយសារតែប្រជាជន​វេណេស៊ុយអេឡាខ្លះ​ នៅមានការស្ទាក់ស្ទើរ​ចំពោះ​សកម្មភាព បន្ទាប់របស់​លោក Guaido។ ពោលគឺពួកគេទំនងជាកំពុងគិតថា តើពួក​គេគួរត្រូវពាំងគ្រាប់​កាំភ្លើងដើម្បី​ធ្វើបាតុកម្ម​ទម្លាក់លោក ម៉ាឌូរ៉ូ ដើម្បីលោក Guaido ដែរឬយ៉ាងណា៕