(វ៉ាស៊ីនតោន)៖ ប្រទេសចិន តួកគី ស៊ីរី គុយបា បានចូលរួមជាមួយរុស្ស៊ី ដោយរិះគន់​យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក​ ជុំវិញការប្រកាសទទួលស្គាល់មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតី​ស្ដីទីស្របច្បាប់របស់​ប្រទេស ក្នុងតំបន់​​អាមេរិកឡាទីន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

បណ្ដាប្រទេសទាំង​នេះបានចេញសេចក្ដី​ថ្លែងការណ៍រៀងៗ​ខ្លួន កាលពី​ថ្ងៃព្រហស្បតិ៍ ជាមួយអំពាវនាវ​ឱ្យបណ្ដាប្រទេស​ជាភាគី​ពាក់ព័ន្ធទាំងអស់​ រក្សាភាពស្ងៀមស្ងាត់ និងកុំលូកដៃចូល​កិច្ចការផ្ទៃក្នុងរបស់​វេណេស៊ុយអេឡា ព្រមទាំងបង្ហាញ​ជំហរគំាទ្រផងដែរ ដល់​លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលទើបតែ​ឡើងស្បថចូល​កាន់តំណែង​ជាប្រធានាធិបតី កាលពីដើម​ខែមករា​កន្លង​ទៅនេះ។

ជាក់​ស្ដែង​នៅក្នុងសន្និសីទ​សារព័ត៌មានមួយ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បាននិយាយថា ប្រទេសចិន​គាំទ្រកិច្ចខិតខំប្រឹងប្រែង​រក្សា​សន្តិភាព និងស្ថេរភាពរបស់​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ តែ ប្រឆាំងជំទាស់​ជាដាច់ខាត​ចំពោះការលូក ដៃ​ពីបរទេសចូលកិច្ចការ​ផ្ទៃក្នុង​របស់​វេណេស៊ុយអេឡា។ លោកស្រី Hua បានបន្ថែម​ដូច្នេះថា «យើងចង់ឃើញ​វេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក​អង្គុយចរចាគ្នា ​តាមរយៈទំនាក់ទំនង​ទ្វេភាគី ឈរលើ​មូលដ្ឋាន​គោរពគ្នា និងមិនលូកដៃ​ចូលកិច្ចការផ្ទៃ​ក្នុងរបស់គ្នា​ទៅវិញ​ទៅមក»។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា​បានឡើងកម្ដៅយ៉ាងខ្លាំង​ ​រហូតដល់ទីក្រុង​ការ៉ាកាស់​ប្រកាស ផ្ដាច់ទំនាក់ទំនង​ការទូត និងទុកពេល ៧២ម៉ោង​ឱ្យមន្ត្រីទូតអាមេរិក​វេចបង្វិច​ចេញពីប្រទេស។ ការសម្រេចចិត្ត​ធ្វើឡើងតែ​ប៉ុន្មាន ម៉ោងប៉ុណ្ណោះ​ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់លោក Juan Guaido ជា​ប្រធានាធិបតី​ស្ដីទីស្របច្បាប់​របស់​វេណេស៊ុយអេឡា។ ប៉ុន្តែក្រៅតែពី​វ៉ាស៊ីនតោន ចក្រភពអង់គ្លេស កាណាដា ប្រេស៊ីល កូស្ដារីកា អាហ្សង់ទីន ប៉េរូ កូឡុំប៊ី អេក្វាឌ័រ ឈីលី និងអេស្ប៉ាញ ក៏បានប្រកាស​ទទួលស្គាល់ និងស្វាគមន៍លោក Guaido ផងដែរ៕